មេបញ្ជាការកងទ័ពជើងគោក ចែកអាវភ្លៀងអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងទិសយោធភូមិភាគពិសេស
(ខេត្តកណ្តាល)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគពិសេស រួមមាន ៖ យោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្តាល តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កងរាជអាវុធហត្ថខេត្តកណ្តាល កងការពារព្រំដែនលេខ ៦០១ និងអង្គភាពចំណុះយោធភូមិភាគពិសេស ដែលពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា សម្តេចទាំងទ្វេរព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងទ័ព គ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ ហើយបានប្រសិទ្ធនាមជាអគ្គភ័ស្តុភាជាន់ខ្ពស់ នៃកងកម្លាំប្រដាប់អាវុធ ។
នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តយកចិត្តទុកដាក់ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ក្នុងនោះមានការលើកកម្ពស់ជីវភាព សុខុមាលភាពរបស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កម្មករ កសិករ សិស្ស និស្សិត និងប្រជាពលរដ្ឋបម្រើការងារ ទាំងក្នុង និងក្រៅប្រព័ន្ធ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគ្រប់គ្រងថែរក្សាសម្ភារៈ បរិក្ខារ គ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ និងត្រៀមកម្លាំង មធ្យោបាយ ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយកើតឡើង ៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា