ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រនៅស្រុកសណ្ដាន់ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ

កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារ​របស់​រាជរដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញសម្ពោធផ្លូវក្រាលក្រួសក្រហមប្រវែង ២១ ២៥០ម៉ែត្រនៅស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

ផ្លូវប្រវែងជាង ២១គីឡូម៉ែត្រដែលដាក់សម្ពោធជាផ្លូវតភ្ជាប់ពីស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ជា​អំណោយដ៏ថ្លៃថ្លា​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ​ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគោរពអគុណ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបាន​ជួយស្ថាបនាផ្លូវ សម្រាប់បម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុក​សណ្តាន់ ។ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងឃុំដងកាំបិត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានចូលរួមអបអរសាទរ ជាមួយប្រជា​ពលរដ្ឋ​ក្នុងស្រុកសណ្តាន់ ដែលទទួល​បានចំណងដៃថ្មី ។ឯកឧត្តមបានបន្ត​ដោយបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅខេត្តកំពង់ធំ ដើម្បីបម្រើឱ្យ​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម និងកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាជន តាមរយៈវិស័យកសិកម្ម វិស័យទេសចរណ៍ កំណើនការងារសម្រាប់ប្រជាជន និងគ្រប់ពហុវិស័យ ដើម្បីឱ្យមានជីវភាពធូរធារ ។ នេះសរបញ្ជាក់ឱ្យឃើញពី ការខិតខំ​របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន សហការជាមួយអាជ្ញាធរដែនដី ក្នុងការ​បម្រើនិងដោះស្រាយ​បញ្ហាប្រឈមនានា ជូនដល់ប្រជាជននៅក្នុងស្រុកសណ្ដាន់ ។

សូមជម្រាបថា ក្នុងឱកាសនេះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ​អតីតយុទ្ធជនចំនួន៧៣០ គ្រួសារ នូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ព្រមទាំងថវិកា និងសម្ភារៈសិក្សា ដល់ សិស្សានុសិស្ស យុវជនកាកបាទក្រហម និងយុវជនស.ស.យ.ក. ៣០០ នាក់ ,លោកគ្រូ អ្នកគ្រូ៣០នាក់, រដ្ឋបាល​សាលា​ស្រុកសណ្ដាន់ , រដ្ឋបាលឃុំដងកាំបិត និងឃុំសណ្ដាន់ផងដែរ។

សមិទ្ធផលនេះក៏បានកើតចេញពីការសម្របសម្រួលរបស់​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ អនុប្រធានក្រុមការងាររបស់​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ​ដង​កាំបិត និងក្រុមវិស្វកម្មស្ថាបនាផ្លូវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំដោយ លោក សំ លាងទ្រី ប្រធានមន្ទីរ​សាធារណការ ខេត្តព្រះវិហារ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner