ផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រនៅស្រុកសណ្ដាន់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញសម្ពោធផ្លូវក្រាលក្រួសក្រហមប្រវែង ២១ ២៥០ម៉ែត្រនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
ផ្លូវប្រវែងជាង ២១គីឡូម៉ែត្រដែលដាក់សម្ពោធជាផ្លូវតភ្ជាប់ពីស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគោរពអគុណ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយស្ថាបនាផ្លូវ សម្រាប់បម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសណ្តាន់ ។ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងឃុំដងកាំបិត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ ដែលទទួលបានចំណងដៃថ្មី ។ឯកឧត្តមបានបន្តដោយបញ្ជាក់អំពីគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅខេត្តកំពង់ធំ ដើម្បីបម្រើឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម និងកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាជន តាមរយៈវិស័យកសិកម្ម វិស័យទេសចរណ៍ កំណើនការងារសម្រាប់ប្រជាជន និងគ្រប់ពហុវិស័យ ដើម្បីឱ្យមានជីវភាពធូរធារ ។ នេះសរបញ្ជាក់ឱ្យឃើញពី ការខិតខំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន សហការជាមួយអាជ្ញាធរដែនដី ក្នុងការបម្រើនិងដោះស្រាយបញ្ហាប្រឈមនានា ជូនដល់ប្រជាជននៅក្នុងស្រុកសណ្ដាន់ ។
សូមជម្រាបថា ក្នុងឱកាសនេះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនចំនួន៧៣០ គ្រួសារ នូវ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ព្រមទាំងថវិកា និងសម្ភារៈសិក្សា ដល់ សិស្សានុសិស្ស យុវជនកាកបាទក្រហម និងយុវជនស.ស.យ.ក. ៣០០ នាក់ ,លោកគ្រូ អ្នកគ្រូ៣០នាក់, រដ្ឋបាលសាលាស្រុកសណ្ដាន់ , រដ្ឋបាលឃុំដងកាំបិត និងឃុំសណ្ដាន់ផងដែរ។
សមិទ្ធផលនេះក៏បានកើតចេញពីការសម្របសម្រួលរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត និងក្រុមវិស្វកម្មស្ថាបនាផ្លូវរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំដោយ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ៕
ដោយ៖ ប៊ុន រដ្ឋា