សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) នឹងចូលរួមលេីកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់ និងបារី ដល់ពលរដ្ឋកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដឹកនាំដោយលោក Barros Figueira Miguel ប្រធានសមាគម ATIC បានអះអាងនឹងចូលរួមលេីកកម្ពស់ការយល់ដឹង អំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋកម្ពុជា ។

លោកប្រធានសមាគម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម។

លោកប្រធានសមាគមបានគោរពរាយការណ៍ដោយសង្ខេបជូនសម្ដេចបវរធិបតី អំពីស្ថានភាព និងសកម្មភាពការងាររបស់សមាគម ATIC ដែលក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកបង្កើតការងារក្នុងស្រុកបានជាង ៤៥០០ កន្លែង និងរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។

លោកប្រធានសមាគម បានបន្តថា សមាគមក៏បានចូលរួមចំណែកក្នុងការងារសង្គមជាច្រេីនដូចជា ការផ្តល់ឧបករណ៍ទឹកស្អាត, ការផ្ដល់កុំព្យូទ័រ, សម្ភារបរិក្ខារ និង ការជួយដល់សហគមន៍ ជាដើម។ ក្រៅពីនេះ, លោកប្រធានសមាគម បានគូសបញ្ជាក់ ពីការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញបំណង សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីផលិតផលថ្នាំជក់ និងបារី ដល់ប្រជាពលរដ្ឋ ។

បន្ទាប់ពីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសមាគម ATIC, សម្ដេចបវរធិបតី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការដាក់ចេញវិធានការនានា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះសុខភាព របស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងពិនិត្យយន្តការនានា ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលេីកកម្ពស់ សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ។
សម្ដេចបវរធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារី និងបានជំរុញការត្រួតពិនិត្យ ការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់ ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាត ឱ្យមានការវិនិយោគលេីការផលិតបារីអេឡិចត្រូនិក (e-cigarettes) នៅកម្ពុជានោះទេ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
