ក្បាច់គុនខ្មែរដែលស្ទើតែបាត់វត្តមាន នឹងបង្ហាញខ្លួនក្នុងកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានសម្តេចបវរធិបតី

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៃកិច្ចការស្រាវជ្រាវ ក៏ដូចជាការត្រៀមរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតីលើកទី២ ចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មការចំពោះកិច្ចនឹងដាក់បញ្ជូលនូវយុទ្ធគុនចម្រុះបន្ថែម៥-៦ប្រភេទទៀត ដូចជាមេគុនស្រងែពេន ខ្លាក្រាប ក្រពើហា គុនចំបាប់បុរាណ គុនខែលជាដើម ។

ឯកឧត្តម អះអាងថា ការបន្ថែមនេះ ជាការគាស់កកាយមកវិញនូវក្បាច់គុនខ្មែរបុរាណខ្មែរដែលជាមរកដូនតាស្ទើតែបាត់វត្តឱ្យមានជីវិតរស់រានឡើងវិញ ដើម្បីបង្ហាញដល់កូនខ្មែរគ្រប់រូបបានស្គាល់ និងហាត់ហ្វឹកហ្វឺនជាការអភិរក្សនិងអភិវឌ្ឍឱ្យបានគង់វង្ស។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលយើងត្រូវផ្ដោត គឺយើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់នូវគោលការណ៍ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីទៅលើការរៀបចំ ទាំងការរៀបចំការប្រកួតនេះ ដោយយើងរៀបចំការប្រកួតយុទ្ធគុនផង និងការតាំងបង្ហាញនូវយុទ្ធគុនខ្មែរចម្រុះរបស់យើង គ្រប់បែប គ្រប់ទម្រង់ គ្រប់ប្រភេទ យកមកបង្ហាញផង ទាំងអាវុធយុទ្ធភណ្ឌ ទាំងយុទ្ធមន្ដ ទាំងស័ក្ដិយ័ន្ដជាដើម ដោយយើងត្រូវយកមកបង្ហាញក្នុងព្រឹត្តិការណ៍នេះដែរ។ អ្វីដែលសំខាន់មួយទៀត យើងគោរពតាមគោលការណ៍របស់សម្ដេចបវរធិបតី គឺយើងយកក្បាច់គុនផ្សេងៗទៀត ដែលមានមកបន្ថែមលើការប្រកួតកាលពីឆ្នាំ២០២៤ យើងបានមួយចំនួន ប៉ុន្តែឥឡូវបន្ថែម៥-៦ប្រភេទទៀត ដូចជាមេគុនស្រងែពេន ខ្លាក្រាប ក្រពើហា គុនចំបាប់បុរាណ គុនខែលជាដើម។

អនុប្រធានអចិន្ត្រៃយ៍រូបនេះមានប្រសាសន៍ថា គណៈកម្មការបានឯកភាពគ្នាទៅលើគម្រោងស្រាវជ្រាវ ដែលមានលក្ខណៈជាវិទ្យាសាស្ដ្រ និងមានការរៀបចំគម្រោងបានល្អប្រសើរ ក្នុងភាពល្អិតល្អន់ មានយន្ដការ និងនីតិវិធីច្បាស់លាស់ល្អ។ គម្រោងនេះ ត្រូវបានគណៈកម្មការអនុម័តទៅលើគម្រោងនៃសេចក្ដីព្រាង ដើម្បីរៀបចំគម្រោងទាំងអស់នេះ គោរពរាយការណ៍ជូនសម្ដេចបវរធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ពិនិត្យ និងសម្រេច។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ទៀតថា ៖«ការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី ចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលយើងឃើញថា គម្រោងទាំងអស់ ក៏បានធ្វើលម្អិតអំពីការរៀបចំ ទីតាំងរៀបចំ ការរៀបចំផ្សព្វផ្សាយ ការបំផុសចលនា យុទ្ធគុនខ្មែរជាចលនាជាតិមួយដ៏ធំសម្រាប់ឱ្យមហាជនកាន់តែជ្រូតជ្រាប និងគាំទ្រពីមហាជនទូទាំងប្រទេស។ «អ៊ីចឹង ក្រោមការដឹកនាំប្រជុំដោយឯកឧត្តមបណ្ឌិត ថោង ខុន និងគណៈកម្មការទាំងអស់បានមើលឃើញពីការរៀបចំយ៉ាងលម្អិត ក្នុងគម្រោងផែនការទាំងសកម្មភាពតូច សកម្មភាពធំ និងសកម្មភាពផ្សេងៗទៀត។

សូមបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ថា បញ្ចូលមកគ្រប់ទម្រង់ទាំងអស់ដែលនៅសេសសល់ ទោះបីតិចក្ដីច្រើនក្ដី គឺត្រូវបញ្ចូល បង្ហាញ និងរំលេច ដើម្បីដាស់សតិអារម្មណ៍របស់យើងទាំងអស់គ្នាថា បុព្វបុរស និងដូនតាយើង ពិតជាមានក្បាច់គុនដ៏សម្បូរបែប ដែលជាមរតកព្រលឹងយុទ្ធគុនដូនតាខ្មែររបស់យើង។ កន្លែងនេះ យើងបានរៀបចំច្រើនមែនទែន ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner