ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ៖ ការផ្សងប្រផ្នូល គឺស្រូវ ពោត និងសណ្តែកបានផលល្អ ទិន្នផលខ្ពស់រហូតដល់ទៅ ៩៥%
(កំពង់ឆ្នាំង)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និមន្ត និងចូលរួមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សងប្រផ្នូលកម្រិតទឹកភ្លៀង និងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ខេត្ត-ក្រុងទូទាំងកម្ពុជា តាមរយៈការសោយព្រះស្ងោយ របស់គោឧសភារាជ ហើយជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ អ្នកស្រែចំការឱ្យដឹងថា ដល់ពេលដែលត្រូវចាប់ផ្តើមធ្វើស្រែចំការហើយ។
នៅក្នុងព្រះរាជពិធីនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានចាត់ជាស្តេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័ល នៅលើទីព្រះស្រែមុខព្រះពន្លាជ័យ, លោកជំទាវ ផាត សុផានី ត្រូវបានចាត់ជា មេហួ ដើម្បីសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ” ។
ក្រោយពិធីច្រត់ព្រះនង្គ័លត្រូវបានបញ្ចប់ គោឧសភរាជ ក៏ត្រូវបានលែងឱ្យបរិភោគចំណីចំនួន ៧មុខ ដែលបានរៀបចំជាស្រេច តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ ។ ជាក់ស្តែង គោឧសភរាជ បានបរិភោគតែ ៣មុខគួរកក់សម្គាល់ ក្នុងនោះមាន ស្រូវ ៩៥% ពោត ៩៥% និងសណ្តែក ៨០% ដែលតាមប្រផ្នូលបានបង្ហាញថា ការបង្កបង្កើនស្រូវ ពោត និងសណ្តែក ឆ្នាំ២០២៥នេះ គឺទទួលបានផលល្អប្រសើរ ទិន្នផលខ្ពស់រហូតដល់ទៅ ៩៥% ។
ប្រជាកសិករខ្មែរ តែងមានជំនឿថា រាល់ការបរិភោរបស់គោ ឧសភរាជ គឺជាការបញ្ជាក់ពីទិន្នផលដំណាំនៅថ្ងៃខាងមុខ ហើយជំនឿចំពោះពិធីនេះ នៅតែជារឿងចាំបាច់ ក្នុងការ អភិរក្ស និងថែរក្សាទំនៀមទម្លាប់ ព្រោះវាក៏ឆ្លុះបញ្ចាំងពី អត្តសញ្ញាណជាតិខ្មែរផងដែរ ។
សូមបញ្ជាក់ដែរថា ក្នុងព្រះរាជពិធីនេះ ក៏មានរៀបចំស្តង់តាំងពិពណ៌ ដោយស្តង់នីមួយៗ មានដាក់តាំងផលិតផលក្នុងស្រុក ដែលរៀបចំដោយរដ្ឋបាលស្រុក ក្រុងទាំង ៨ នៃខេត្តកំពង់ឆ្នាំង រួមនិងស្តង់ពិព័រណ៍របស់មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជា អង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ស្តង់ពិព័រណ៍ដែលអង្គភាពនីមួយៗ យកមកដាក់តាំងបង្ហាញមានដូចជា វិស័យកសិកម្ម មានដំណាំស្រូវ ដំណាំហូបផ្លែ ផ្លែឈើ និងឧបករណ៍បម្រើឱ្យវិស័យកសិកម្មជាច្រើនទៀត ហើយក៏នៅមានស្តង់ពិពណ៌បង្ហាញពីវិស័យឧស្សាហកម្ម សុខាភិបាល ស្តង់ពិពណ៌វប្បធម៌ វិចិត្រសិល្បៈ ស្មូនឆ្នាំង តម្បាញកន្ទេល តម្បាញក្រមា និងការចិញ្ចឹមសត្វ ។ល។
បន្ទាប់មក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត ជូនប្រជាកសិករចំនួន ២រូបតំណាងប្រជាកសិករ ១០០រូប មកពីស្រុកក្រុងក្នុងខេត្តកំពង់ឆ្នាំង នាលើព្រះពន្លាជ័យ និងបានយាងទត ការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ












