ប្រធានាធិបតីទីម័រឡេស្ដកោតសរសើរភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ឯកឧត្តម ចូហ្សេ រ៉ាមូស-អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដបានបង្ហាញនូវដឹងគុណជាពិសេស ចំពោះការគាំទ្រយ៉ាងមោះមុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចំពោះការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រឡេស្ត ពិសេសភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្តេចតេជោ
ក្នុងសារលិខិតគោរពជូសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ចូហ្សេ រ៉ាមូស-អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដបានបញ្ជាក់ដូច្នេះថា ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពរាប់អាន!
ប្រទេស និងប្រជាជនទីម័រឡេស្តេ មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍ សម្តេច តេជោ ក្នុងដំណើរទស្សនកិច្ចមកកាន់ទីម័រឡេស្តេ។
សូមអនុញ្ញាតឱ្យខ្ញុំសម្តែងនូវការដឹងគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះការចូលរួមដ៏ថ្លៃថ្លារបស់សម្តេច តេជោ នៅក្នុងកម្មវិធីផ្លូវការនានាអំឡុងពេលទស្សនកិច្ច រួមទាំងជំនួបទ្វេភាគីកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតីនីកូឡៅ ឡូបាតូ (Nicolau Lobato), សម័យប្រជុំពិសេសដ៏ឧឡារិករៀបចំដោយសភាជាតិ ទីម័រឡេស្តេ, ជំនួបជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី សាណាណា ហ្គូសម៉ៅ និងពិធីលៀងសាយភោជន៍ផ្លូវការ ដែលសុទ្ធតែជាខណៈពេលដ៏មានសារៈសំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។
ជំនួបទ្វេភាគីរបស់យើង បានផ្ដល់ឱកាសឱ្យយើងរិះរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យកសិកម្ម សន្តិសុខស្បៀង ការអប់រំ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ខ្ញុំសូមសម្ដែងការ ដឹងគុណជាពិសេស ចំពោះការគាំទ្រយ៉ាងមោះមុតរបស់ សម្តេចតេជោ ចំពោះការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រឡេស្ត ក៏ដូចជាការចែករំលែកនូវចំណេះស៊ីជម្រៅបែបយុទ្ធសាស្ត្រដ៏មានតម្លៃទាក់ទងនឹងមាគ៌ា របស់យើងខ្ញុំឆ្ពោះទៅរកសមាហរណកម្មតំបន់។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះ សម្ដេចតេជោ ដែលបានទទួលយកការអញ្ជើញចូលរួមផ្តល់ បាឋកថាក្នុង កម្មវិធីសិក្ខាសាលារបស់ប្រធានាធិបតី ក្រោមមូលបទ៖ “មេរៀនរបស់ ហ៊ុន សែន – ចេញពីប្រល័យ ពូជសាសន៍ និងភាពក្រីក្រ មកកាន់សេរីភាព និងវិបុលភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៥។
សក្ខីកម្មគួរចាប់អារម្មណ៍ខ្លាំងនៃភាពធន់ ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្តេច តេជោ នឹងនៅតែជាប្រភពនៃការលើកទឹកចិត្តដល់ប្រជាជនទីម័រឡេស្តេ។
ចំណាប់អារម្មណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចំពោះវឌ្ឍនភាពរបស់រដ្ឋធានីឌីលី ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់សម្តេចតេជោនៅក្នុងឆ្នាំ២០១៦ គឺជាការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ហើយពង្រឹងបន្ថែមទៀតនូវការតាំងចិត្តរបស់យើងខ្ញុំ ដើម្បីឈានទៅមុខតាមមាគ៌ាទំនើបកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
យើងខ្ញុំមានសេចក្តីរំភើបក្រៃលែងផងដែរ ចំពោះការបង្ហាញអំពីសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចំពោះពិធីទទួលស្វាគមន៍ដ៏អធិកអធមរបស់ប្រជាជនទីម័រឡេស្តេ ក៏ដូចជាកាយវិការជាច្រើន ដែលបញ្ជាក់ពីមិត្តភាពពិតៗ ដែលស្តែងចេញក្នុងអំឡុងទស្សនកិច្ចរបស់ សម្តេចតេជោ ដែលក្នុងនោះខ្ញុំមានកិត្តិយសដែលបានបើករថយន្តដោយផ្ទាល់ជូនសម្តេច តាមដងវិថីនានានៃរដ្ឋធានីរបស់យើងខ្ញុំ ដែលជាការសម្ដែងចេញជានិមិត្តរូបនៃសេចក្តីគោរព និងភាពស្និទ្ធស្នាល។
ដោយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី នៃការផ្លាស់ប្ដូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីម័រឡេស្ដេ និងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការគោរពរាប់អានដ៏ស្មោះ ស្ម័គ្របំផុតរបស់ខ្ញុំ ចំពោះសម្តេច៕



ដោយ៖វណ្ណលុក