លោក Musk ថា SpaceX នឹងសាកល្បងបាញ់បង្ហោះយាន Starship ជាលើកទី៩
វ៉ាស៊ីនតោន ៖ SpaceX កំពុងរៀបចំសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតយក្ស Starship ជាលើកទី៩ នៅដើមសប្តាហ៍ក្រោយ នេះបើតាមការអះអាងរបស់លោក Elon Musk ស្ថាបនិក SpaceX។
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា មុនយាន Starship
ធ្វើតេស្តហោះហើរសប្តាហ៍ក្រោយ ខ្ញុំនឹងធ្វើកិច្ចពិភាក្សាក្នុងក្រុមហ៊ុន ជុំវិញផែនការនៅភពអង្គារ នៅឯទីស្នាក់ការ Starbase រដ្ឋតិចសាស់ ដែលនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើវេទិកា X។
យាន Starship ត្រូវបានបាញ់បង្ហោះលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែមីនា ហើយនេះជាការហោះហើរសាកល្បងលើកទី ៨ តែគួរឲ្យសោកស្តាយ ក្នុងអំឡុងពេលនោះ SpaceX បានដាច់ទំនាក់ទំនងជាមួយយានអវកាសភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ។
យានអវកាស Starship និងរ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន SpaceX ដែលហៅថា Starship គឺតំណាងឱ្យប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដឹកទាំងនាវិក និងទំនិញទៅកាន់គន្លងផែនដី រួមមានទាំងភពព្រះចន្ទ ភពអង្គារ និងលើសពីភពទាំងនេះ។
យាន Starship នឹងដើរតួយ៉ាងសំខាន់នៅក្នុង អង្គការ NASA ហើយវាគឺជាយានដែល NASA បានជ្រើសរើស ដើម្បីដឹកអវកាសយានិកធ្វើដំណើរទៅកាន់ភពព្រះចន្ទ ក្នុងអំឡុងបេសកកម្ម Artemis III ដែលបច្ចុប្បន្នត្រៀមទុកសម្រាប់ឆ្នាំ ២០២៦៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា