គណបក្សហ្វ៊ុនស៊ិនប៉ិច គាំទ្រការរៀបចំសមាជព្រឹទ្ធសភា និងរដ្ឋសភា នៅដើមខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម ញឿន រ៉ាដែន សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យ​គណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រសាសន៍ថា សមាជរដ្ឋសភា និងព្រឹទ្ធ​សភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានការគាំទ្រពី​ប្រជាពលរដ្ឋដែលមានអាសនៈនៅក្នុងរដ្ឋសភា គាំទ្រចំពោះការរៀបចំសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលនឹងពិភាក្សាទៅលើប្រធានបទសំខាន់បី ១.ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ២.ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង៣.ការពិនិត្យអនុម័តប្រធានបទអំពីវិស័យកសិកម្ម គឺពិតជាផ្តល់សារៈសំខាន់ណាស់សម្រាប់ប្រជាទេសជាតិ ជាពិសេសទៅដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

សូមជម្រាបថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រយ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។

ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភាឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។

សមាជរដ្ឋសភា និងព្រឹទ្ធជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាលបង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។

យោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា សមាជរដ្ឋសភា និងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភាបានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភា និងព្រឹទ្ធសភាពជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន៕
ដោយ៖ពលជ័យ

ads banner