លោក Putin ជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅមូស្គូ ជជែករឿងធ្លាក់យន្តហោះ MH17
មូស្គូ ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានពិភាក្សាពីរឿងធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពី១១ឆ្នាំមុន ជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំឡុងពេលបំពេញទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ។

យន្តហោះជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានចាកចេញពីទីក្រុងអាំស្ទែដាំ ឆ្ពោះទៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែលយន្តហោះនោះ ត្រូវបានបាញ់ទម្លាក់នៅលើតំបន់ភាគខាងកើតអ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង រវាងពួកផ្តាច់ខ្លួនគាំទ្រដោយរុស្ស៉ី និងយោធាអ៊ុយក្រន។

មេដឹកនាំម៉ាឡេស៊ីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook កាលពីល្ងាចថ្ងៃពុធថា លោកនឹងបន្តវែកមុខជននៅពីក្រោយគ្រោះមហន្តរាយធ្លាក់យន្តហោះ MH17 កាលពីឆ្នាំ២០១៤ ហើយថា ម៉ាឡេស៊ីក៏នៅតែតាំងចិត្តស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវជូនដល់ជនរងគ្រោះ និង ក្រុមគ្រួសាររបស់ពួកគេ។

លោកនាយករដ្ឋមន្រ្តី Anwar បានគូសបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកប្រធានាធិបតី Putin បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ ដែលរួមមានពលរដ្ឋហូឡង់ ១៩៦នាក់ ម៉ាឡេស៊ី ៤៣នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ ហើយលោក Putin ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និង គ្រប់ជ្រុងជ្រោយដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយ។
យ៉ាងណា វិមានក្រឹមឡាំង នៅថ្ងៃអង្គារ បានច្រានចោលទាំងស្រុង នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ ដែលថារុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី (MH17) នៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ដែលបានសម្លាប់មនុស្សទាំងអស់ ២៩៨នាក់។
ការបាញ់ទម្លាក់យន្តហោះ MH17 នៅតែជាប្រធានបទដ៏រសើប និងបង្កឲ្យមានភាពតានតឹងផ្នែកការទូតរវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ដែលភាគច្រើនជឿជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដែលផ្គត់ផ្គង់ដោយរុស្ស៊ី៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
