លោក Putin និងលោក Trump ចាប់ដៃគ្នាមិនចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែននៅតួកគី
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump និង មេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាលើកដំបូងរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ នៅថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងអ៊ីស្ដង់ប៊ុលនោះទេ ដោយវិមានក្រឹមឡាំងបញ្ជូនត្រឹមក្រុមមន្ត្រីការទូតចាស់វស្សាទៅជំនួសវិញប៉ុណ្ណោះ។
លោកប្រធានាធិបតី Putin កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែនក្នុងទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។
ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញ វិមានក្រឹមឡាំងនិយាយថា គណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោកប្រធានាធិបតី Putin គឺលោក Vladimir Medinsky និងអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin នឹងត្រូវចូលរួមកិច្ចចរចាជាមួយអ៊ុយក្រែន។
បន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំង មន្ត្រីអាមេរិកម្នាក់និយាយថា លោកប្រធានាធិបតី Trump ដែលកំពុងធ្វើទស្សនកិច្ចទៅកាន់ប្រជាជាតិចំនួន៣ នៅតំបន់មជ្ឈិមបូព៌ា ក៏នឹងមិនចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែនឡើយ ក្រោយរូបលោកបង្ហើបពីបំណងចង់ចូលរួមកិច្ចចរចានោះដែរ។
ស្របពេលដែលលោកប្រធានាធិបតី ពូទីន មិនបានបញ្ជាក់ថាតើលោកនឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឬក៏យ៉ាងណានោះ អវត្តមានរបស់មេដឹកនាំអាមេរិក-រុស្ស៉ី ទំនងជាធ្វើឱ្យការរំពឹងថា នឹងមានការសម្រេចបានលទ្ធផលផ្លែផ្កាក្នុងកិច្ចចរចាបញ្ចប់សង្រ្គាម ដែលរុស្ស៉ីបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងកម្រិតទាប៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា