ហ៊ូធីថាបាញ់មីស៊ីលដាក់អ៊ីស្រាអែល ៣ដង មិនដល់២៤ម៉ោង
បរទេស ៖ ក្រុមឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន បានអះអាងថា ក្រុមរបស់ខ្លួនបានវាយប្រហារ ដោយបាញ់មីស៊ីល ទៅលើប្រទេសអ៊ីស្រាអែល បីដង ក្នុងរយៈពេលតិចជាង ២៤ម៉ោង។
អ្នកនាំពាក្យយោធា Huthi លោក Yahya Saree និយាយថា ក្រុមនេះបានកំណត់គោលដៅ លើអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ដែលជាច្រកទ្វារសំខាន់ របស់អ៊ីស្រាអែល ស្ថិតនៅជិតទីក្រុង Tel Aviv ដោយប្រើប្រាស់នូវអ្វីដែលគេហៅថា «មីស៊ីលផ្លោង លឿនជាងសំឡេង»។
លោក Saree និយាយថា ការវាយប្រហារនេះ គឺជាការវាយប្រហារ លើកទី៣ ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងរយៈពេលតិចជាង ២៤ម៉ោង។
ជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែល បានប្រាប់ឲ្យប្រជាជនយេម៉ែន នៅឱ្យឆ្ងាយពីកំពង់ផែ ដែលកាន់កាប់ដោយក្រុមហ៊ូធី នៅក្នុងការព្រមាន ដែលទំនងជាថា ខ្លួនកំពុងរៀបចំឡើង ដើម្បីសងសឹក បន្ទាប់ពីស្ទាក់ចាប់កាំជ្រួច ដែលបាញ់ដោយពួកឧទ្ទាម ហ៊ូធី ជាក្រុមដែលគេចោទថា គាំទ្រដោយអ៊ីរ៉ង់។
ក្រុម Huthis បានអះអាងថា បានធ្វើការវាយ ប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក រាប់សិបលើក ប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្គាហ្សា។
ពួកគេក៏បានវាយប្រហារលើកប៉ាល់ ដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ដោយបានរំខានយ៉ាងខ្លាំង ដល់ផ្លូវពាណិជ្ជកម្មពិភពលោក ដ៏សំខាន់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត