សម្តេច ម៉ែន សំអន ៖ បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាក ចំនួន ២០០គ្រួសារ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

មានសង្ឃដិការនៅក្នុងពិធីនោះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានលើកឡើងថា ការអញ្ជើញរបស់សម្តេចកិត្តិសង្គហបណ្ឌិត​នា​ពេល​នេះគឺបានឃើញអំពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋដែល​បាន​នឹងកំពុងរស់នៅជុំវិញវត្ត ព្រមទាំងបានចែករំលែកនូវធនធានផ្ទាល់​ខ្លួនជួយដល់អ្នកជួបការលំបាក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹក​រលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់បង​ប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវ​ការ​កោតសសើរចំពោះទឹកចិត្ត និងព្រះទ័យជ្រះថ្លារបស់ សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន ដែលបានយកព្រះទ័យទុក្ខដាក់ចំពោះ​ប្រជា​ពលរដ្ឋទីទ័លក្រ និងជួបការលំបាកជារៀងរាល់ពេល និងបាន​ថ្លែង​អំណរគុណដល់ ឯកឧត្តម សៀង សេន និងលោកជំទាវ ព្រមទាំង​ក្រុមគ្រួសារដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារក្នុងថ្ងៃនេះ។ សកម្មភាពទាំងនេះបានបង្ហាញ​ឲ្យ​ឃើញ​ថា បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែរក្សាសុខសន្តិភាព ត្រូវប្រុងប្រយ័ត្នចំពោះការកើត​ឡើង​វិញនូវជំងឺកូវីដ១៩ ដែលមានលក្ខណៈកាចសាហាវជាងមុន និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះ និងពិនិត្យឈ្មោះឡើងវិញតាមការណែនាំរបស់​គណៈ​កម្មការ​ជាតិរៀបចំការបោះឆ្នោត ។ 

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២០០ គ្រួសារ ថ្ងៃនេះរួមមាន៖ អង្ករ ១០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ និងថវិកា ៥ម៉ឺនរៀល ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner