អ៊ីរ៉ង់ថ្កោលទោសលោក Trump ប្រើវោហាសាស្រ្តប្រមាថប្រទេសខ្លួន

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះសុន្ទរកថាបែបប្រមាថ និងប្រឆាំងប្រទេសរបស់ខ្លួននាពេលថ្មីៗនេះពីសំណាក់លោក ដូណាល់ ត្រាំ ហើយចាត់ទុកវោហាសាស្រ្តរបស់ប្រធានាធិបតីអាមេរិករូបនេះថា ជាភស្តុតាងបង្ហាញពីការបរាជ័យ មិនយល់ច្បាស់ពីចរិតពិតរបស់ប្រជាជនអ៊ីរ៉ង់។

ប្រតិកម្មខ្លាំងៗរបស់មេដឹកនាំអ៊ីរ៉ង់រូបនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយរិះគន់អ៊ីរ៉ង់ចំៗថា ជា “កម្លាំងដ៏បំផ្លិចបំផ្លាញបំផុត” នៅមជ្ឈិមបូព៌ា ហើយបានចោទប្រកាន់ថា អ៊ីរ៉ង់បានបង្កអស្ថិរភាពក្នុងតំបន់ ដោយលោកបានប្តេជ្ញាថា អាមេរិកនឹងមិនអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់មានអាវុធនុយក្លេអ៊ែរក្នុងដៃឡើយ។

ជាការឆ្លើយតប លោកប្រធានាធិបតី Pezeshkian បានសង្កត់ធ្ងន់ថា ខណៈពេលដែលលោកប្រធានាធិបតី ត្រាំ ពិពណ៌នាអំពីអ៊ីរ៉ង់ថា ជាប្រភពនៃអសន្តិសុខក្នុងតំបន់ ប៉ុន្តែគាត់ភ្លេចបើកភ្នែកមើលស្ត្រី និងកុមាររាប់ពាន់នាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ជាទីដែលអ្នកស្រុកត្រូវគេកាត់ផ្តាច់ទឹកបរិភោគ និងថ្នាំពេទ្យសង្គ្រោះជីវិត។

មេដឹកនាំអ៊ីរ៉ង់រូបនេះ បានគូសបញ្ជាក់ទៀតថា ៤៧ឆ្នាំមកនេះ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដាក់សម្ពាធឱ្យអ៊ីរ៉ង់លុតជង្គង់ដាក់ពួកគេ ប៉ុន្តែការធ្វើបែបនេះបានបរាជ័យ ហើយអ៊ីរ៉ង់មិនកំពុងស្វែងរកសង្គ្រាមទេ ហើយអ៊ីរ៉ង់ក៏មិនដោះដូរកិត្តិយស និង ភាពរុងរឿងរបស់ខ្លួនដើម្បីទទួលបានសន្តិភាពដែរ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner