ប្រមុខមហាផ្ទៃ កម្ពុជា និងសន្តិសុខឡាវ បន្តប្តេជ្ញារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀននៅតាមខ្សែរបន្ទាត់ព្រំដែន
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្តប្តេជ្ញាចិត្តរួមគ្នាសាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។
ការអះអាងជាថ្មីនូវឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើង ក្នុងជំនួបរវាងភាគីទាំងពីរ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ខណៈដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង អញ្ជើញមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិ។
ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕







ដោយ / គ្រី សម្បត្តិ