ក្រុម Hamas ថា អ៊ីស្រាអែលមិនចង់បានសន្តិភាពទេ

ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃព្រហស្បតិ៍ និយាយថា អ៊ីស្រាអែលបានព្រងើយកន្តើយនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលបន្តឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ពីព្រោះខ្លួនមិនចង់ឱ្យសង្រ្គាមដល់ទីបញ្ចប់ទេ។

ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលកំពុងឆ្លើយតបការសម្របសម្រួលឱ្យមានបទឈប់បាញ់ ជាមួយនឹងសម្ពាធយោធាលើជនស៊ីវិល តាមរយៈការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនរងទុក្ខកាន់តែច្រើន។

បើតាមការបញ្ជាក់របស់ក្រុមហាម៉ាស់ ការទទូចរបស់អ៊ីស្រាអែលចង់បានការចរចាសន្តិភាព តែមិនព្រមបញ្ឈប់ការឈ្លានពាន និង ចិត្តគំនិតឧក្រិដ្ឋកម្មរបស់ខ្លួន ដូច្នេះសំណើចង់ចរចានោះ វាគ្រាន់តែជាលេស ដើម្បីចំណេញពេលវេលា និង បន្តសង្រ្គាមប៉ុណ្ណោះ។

ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអែលមិនត្រឹមតែបង្កគ្រោះថ្នាកដល់ពលរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះទេ អ៊ីស្រាអែលក៏ជាការគំរាមកំហែងពិតប្រាកដដល់តំបន់ និង ពិភពលោកទាំងមូល។

កងកម្លាំងអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ក្រោយបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីន ២.៨៧៦នាក់ត្រូវបានសម្លាប់ និងជាង ៧.៨០០នាករងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។

អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣.០១០នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner