ឥណ្ឌា និងប៉ាគីស្ថានចង្អុលមុខដាក់គ្នារឿងធ្វេសប្រហែសការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

ញូវដែលី ៖ ឥណ្ឌា និង ប៉ាគីស្ថានបានចោទដាក់គ្នាអំពីការធ្វេសប្រហែសក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរមិនបានល្អ ដោយអំពាវនាវឱ្យពិភពលោកត្រួតពិនិត្យឃ្លាំងអាវុធរបស់ប្រទេសទាំងពីរ ខណៈការចោទប្រកាន់នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការប្រឈមមុខគ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលពីរទសវត្សរ៍។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានគូសបញ្ជាក់ថា ឃ្លាំងអាវុធនុយក្លេអ៊ែរប៉ាគីស្ថានគួរតែត្រូវដាក់នៅក្រោមការសង្កេតរបស់ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ហៅកាត់ (IAEA)។

ថ្លែងប្រាប់កងទ័ពនៅឯមូលដ្ឋានក្នុងតំបន់កាស្មៀរខាងឥណ្ឌា លោក Singh និយាយថា ខ្ញុំចង់លើកសំណួរនេះសួរពិភពលោកថាតើអាវុធនុយក្លេអ៊ែរមានសុវត្ថិភាពទេ ពេលស្ថិតនៅក្នុងដៃប្រទេសទុច្ចរិត និងគ្មានការទទួលខុសត្រូវ? ខ្ញុំជឿថា អាវុធបរមាណូរបស់ប៉ាគីស្ថានគួរតែត្រូវដាក់ក្រោមការឃ្លាំមើលរបស់ IAEA។

ប៉ុន្មានម៉ោងក្រោយមក រដ្ឋមមន្ត្រីការបរទេសប៉ាគីស្ថាន លោក Minister Ishaq បានវាយបកថា IAEA គួរតែបើកការស៊ើបអង្កេតលើការលួច និងជួញដូរសម្ភារៈនុយក្លេអ៊ែរ និងវិទ្យុសកម្មខុសច្បាប់ម្តងហើយម្តងទៀតនៅក្នុងប្រទេសឥណ្ឌាឯណោះវិញទៅ។
ឧប្បត្តិហេតុទាំងនេះហើយ បានបង្ហាញពីអត្ថិភាពនៃទីផ្សារងងឹតសម្រាប់សម្ភារៈផលិតអាវុធប្រើប្រាស់បានពីរយ៉ាងដ៏រសើបនៅក្នុងប្រទេសឥណ្ឌា ដែលតម្រូវឲ្យសហគមន៍អន្តរជាតិគួរបើកការស៊ើបអង្កេត។

គួរបញ្ជាក់ថា ទាំងឥណ្ឌា និងប៉ាគីស្ថាន គឺជារដ្ឋមហាអំណាចនុយក្លេអ៊ែរ និងជាសមាជិកនៃទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីគ្រប់គ្រងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ហើយជម្លោះថ្មីៗនេះរវាងប្រទេសទាំងពីរ បានឈានដល់ថ្នាក់គំរាមបាញ់នុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក ជាហេតុបង្កក្តីបារម្ភផ្ទុះសង្គ្រាមលោក ទើបបណ្តាមេដឹកនាំអន្តរជាតិនាំគ្នាចេញការអំពាវនាវឲ្យប្រទេសទាំងពីររក្សាភាពអត់ធ្មត់ និងត្រូវងាកមកកាន់តុចរចាវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង៕

ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner