សម្តេចធិបតី៖ រាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍន៍សក្ដានុពលនៅខេត្ដកំពង់ឆ្នាំង និងពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ

(ពោធិ៍សាត់)៖ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំពុងជំរុញអភិវឌ្ឍន៍សក្ដានុពលនៅខេត្ដកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋបានសម្ដែងការសប្បាយរីករាយ ក្រោយជិះតាមផ្លូវលេខ១០ ទៅខេត្ដកោះកុង មកខេត្តពោធិ៍សាត់ មានភាពងាយស្រួល និងឆាប់រហ័ស ។ សម្តេច បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ១០ (កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង), ស្ពានខ្ពស់ជាងគេ , ផ្លូវជាតិលេខ៥៥ (ស្វាយអាត់-ថ្មដារ) និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។ សម្តេចក៏បានសម្តែងការពេញចិត្ត ចំពោះស្មារតីស្រឡាញ់គ្នា ដោយតាមបណ្តាវត្ត និងប្រជាពលរដ្ឋ នៅខេត្តកោះកុង បានរៀបចំឱ្យភ្ញៀវទេសចរស្នាក់នៅ ដោយ មិនបង់ប្រាក់ ខណៈសណ្ឋាគារ និងផ្ទះសំណាក់ពេញ កាលពីប៉ុន្មានថ្ងៃមុននេះ ។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ធ្វើមិនត្រឹមតែស្នេហ្នាជាតិនោះទេ គឺប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវ ជំរុញអភិវឌ្ឍន៍ និងបើកច្រកសេដ្ឋកិច្ចតាមព្រំដែន ។ សម្តេច បញ្ជាក់ថា រាជធានីភ្នំពេញមមានពលរដ្ឋជិត ៣លាននាក់ មិនមែនតែពលរដ្ឋរស់នៅពេញទាំងអស់នោះទេ ហើយរាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍន៍សកត្ដានុពលតាមបណ្ដាខេត្ដ ឱ្យរីកចម្រើនដូចរាជធានីផងដែរ ។

ជាក់ស្ដែងដោយបច្ចុប្បន្ន ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការរីកចម្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់អតីតសមរភូមិ បានធ្វើឲ្យកូនខ្មែរស្គាល់ខ្មែរ ស្គាល់ទឹកដី ។ ប្រសិនបើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅមានសង្រ្គាមវ៉ៃគ្នា ច្បាស់ណាស់ខ្មែរយើងមិនអាចធ្វើដំណើរទៅទីនោះទេ សុទ្ធតែតំបន់ភ្នំ ហើយគ្មានផ្លូវ ។

សម្តេចធិបតី បានបញ្ជាក់ថា ដោយសារនយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យមានសន្តិភាព បញ្ចប់សង្រ្គាម ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះ នៅតែជាកន្លែងកប់ចោលដដែល គ្មានអ្នកណាចង់មក ។ សម្ដេច ថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។

សម្ដេចធិបតី បានថ្លែងទៀតថា ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ ជាតំបន់អតីតសមរភូមិ ដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីម្ភៃឆ្នាំមុនតំបន់វាលវែង ជាកន្លែងរហោឋាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ តែកត្តាសន្តិភាព បានប្រែក្លាយតំបន់នេះ ជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner