២០ ឧសភា ទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ
ភ្នំពេញ៖ថ្ងៃទី២០ ខែឧសភា ប្រជាជនកម្ពុជាតែងបានប្រារព្ធពិធីទិវាជាតិនៃការចងចាំនៃរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងរបស់កម្ពុជាប្រជាធិបតេយ្យ ដែលមាន ប៉ុល ពត អៀង សារី ខៀវ សំផន និងបក្ខពួកដឹកនាំ ធ្វើឱ្យប្រទេសជាតិត្រូវក្រឡាប់ចាក់ វិនាសអន្តរាយស្ទើរតែបាត់រូប បាត់ឈ្មោះពីពិភពលោក។ រំឭកទៅដល់មហាឧក្រិដ្ឋកម្មដ៏យង់ឃ្នងនេះ ធ្វើឱ្យយើងទាំងអស់គ្នារំឭកនឹកឃើញថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេ តើអនាគតនៃកម្ពុជាតាំងពីពេលនោះមកដល់ថ្ងៃនេះនឹងទៅជាយ៉ាងណា? កម្ពុជានឹងក្លាយទៅជាអ្វី? ប្រជាជនកម្ពុជាត្រូវធ្លាក់ក្នុងស្ថានភាពបែបណា?
នៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់នូវភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ហេតុអ្វីបានជាយើងកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ? នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ មជ្ឈឹមបក្សកុម្មុយនីសកម្ពុជាប្រជាធិបតេយ្យបានបើកសម័យប្រជុំ និងបានកំណត់គោលនយោបាយមួយចំនួនដូចជា៖ ការជម្លៀសប្រជាជនចេញពីទីក្រុងនានា, ការលុបចោលទីផ្សារទាំងអស់ក្នុងប្រទេស, ការបំបាត់រូបិយវត្ថុនៃរបបចាស់ និងការដកក្រដាសប្រាក់បដិវត្តន៍ដែលបានបោះពុម្ពរួចហើយយកមកទុកវិញ, ការលុបបំបាត់សាសនាទាំងអស់ និងការផ្សឹកព្រះសង្ឃ, ការបង្កើតសហករណ៍ និងផ្ទះបាយរួមនៅទូទាំងប្រទេស, ការបណ្ដេញជនជាតិវៀតណាម, ការបញ្ជូនកងទ័ពទៅព្រំដែនធ្វើសង្គ្រាមជាមួយវៀតណាម, ការបិទមន្ទីរពេទ្យ, ការបិទមហាវិទ្យាល័យ វិទ្យាល័យអនុវិទ្យាល័យ និងសាលាបឋមសិក្សានៅទូទាំងប្រទេស និងការកម្ចាត់ចោលទាំងស្រុងនូវពួកខ្មាំងបង្កប់។ គោលនយោបាយនេះ គឺជាធាតុនៃនយោបាយប្រល័យពូជសាសន៍ ដែលមជ្ឈឹមបក្សកុម្មុយនីសកម្ពុជា បានប្រកាសចេញជាផ្លូវការ។
អំពីដំណើរការនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាចងកំហឹងចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៨៣ គណៈកម្មការស្រាវជ្រាវឧក្រិដ្ឋកម្មរបស់បន ប៉ុល ពត បានផ្សព្វផ្សាយជាផ្លូវការកំណត់ហេតុ បូកសរុបឧក្រិដ្ឋកម្មរបស់បនប៉ុល ពត អៀង សារី ខៀវ សំផន ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៨ មកលើប្រជាជនកម្ពុជា។ កំណត់ហេតុនោះ បានលើកឡើងតួលេខនៃការស្លាប់របស់ប្រជាជនកម្ពុជា ៣.៣១៤.៧៦៨នាក់ បន្សល់ជនពិការ ១៤១.៨៤៨នាក់ កុមារកំព្រា ២០០.០០០នាក់ និងស្ត្រីមេម៉ាយជាច្រើន។ ប្រជាជន ១.១៦៦.៣០៧នាក់ បានដាក់ពាក្យប្ដឹងថ្កោលទោសរបប ប៉ុល ពត។ ឯកសារនេះ ត្រូវបានគណៈកម្មការស្រាវជ្រាវឧក្រិដ្ឋកម្មរបស់បនប៉ុល ពត ស្នើទៅក្រុមប្រឹក្សាទូទាំងប្រទេស រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជាផ្ញើទៅរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាទុកជាឯកសារស្របច្បាប់ សម្រាប់ថ្កោលទោសក្នុងមជ្ឈដ្ឋានក្នុងប្រទេស និងលើផ្ទៃអន្តរជាតិ ។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៨៣ លោក ជា ស៊ីម ប្រធានគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាទូទាំងប្រទេស រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា បានធ្វើញត្តិស្តីអំពីឧក្រិដ្ឋកម្មរបស់បន ប៉ុល ពត អៀង សារី ខៀវ សំផន មកលើប្រជាជនកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៨ ជូនទៅក្រុមប្រឹក្សារដ្ឋ បញ្ចូនទៅរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយធ្វើសំណូមពរចំនួន២ គឺ ទី១-កំណត់យកថ្ងៃទី២០ ឧសភា ជារៀងរាល់ឆ្នាំ ធ្វើជាទិវាចងកំហឹងចំពោះបនប្រល័យពូជសាសន៍ ប៉ុល ពត ពីព្រោះនេះជាថ្ងៃដែលពួកវាចាប់ផ្តើមអនុវត្តគោលការណ៍ប្រល័យពូជសាសន៍ជាបន្តយ៉ាងចំហ និងយ៉ាងឃោរឃៅព្រៃផ្សៃចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស និងទី២-កសាងសិលាចារិក និងសាងបូជនីយដ្ឋានតំកល់អដ្ឋិធាតុ នៃជនរងគ្រោះដល់របបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានសម្រេចយល់ស្របជាឯកច្ឆ័ន្ទជាមួយក្រុមប្រឹក្សាទូទាំងប្រទេស រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា កំណត់យកថ្ងៃទី២០ ខែឧសភា ជាទិវាចងកំហឹងចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គួររំឭកដែរថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរបបរាជានិយមទី២ «ទិវាជាតិនៃការចងចាំ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃទី២៥ ខែកុម្ភៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចុះព្រះហត្ថលេខាលើព្រះរាជក្រឹត ស្តីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព។ គោលបំណងដែលត្រូវបានបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីឧក្រិដ្ឋកម្មមកសន្តិភាព ដែលមានទីតាំងឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រចំនួន៣ រួមមាន អតីតមន្ទីរឃុំឃាំង១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈ មណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងគោលបំណងដូចជា៖ ការពារ និងអភិរក្សវត្ថុតាង និងឯកសារទាំងឡាយ ដែលជាតឹកតាងប្រវត្តិសាស្ត្រ ដើម្បីទុកជាមេរៀនការចងចាំ និងទប់ស្កាត់ការកើតឡើងជាថ្មីនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩, ការពារបរិស្ថាន ទេសភាពប្រវត្តិសាស្ត្រ និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្ដែង និងអភិវឌ្ឍតំបន់នីមួយៗប្រកបដោយចីរភាព ដើម្បីការពារគុណតម្លៃជា សកល, បង្កើនការយល់ដឹង ការសិក្សាស្រាវជ្រាវ និងការអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការផ្សះផ្សា និងសន្តិភាព។
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការ «ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តិឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ បានបញ្ជាក់ថា កម្ពុជាធ្លាប់មានរួចហើយនូវ “ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ” ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ ប៉ុន្តែច្បាប់នេះត្រូវបានបង្កើតឡើងនៅក្នុងពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា អ.វ.ត.ក. កំពុងដំណើរការនីតិវិធីរបស់ខ្លួន និងមិនទាន់បានចេញ សេចក្តីសម្រេចស្ថាពរផ្ដន្ទាទោសមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ ឬជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្តរជាតិដែលកម្ពុជាទទួលស្គាល់ ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសំណុំរឿងណាមួយនៅឡើយទេ។
អ.វ.ត.ក. ដែលត្រូវបានបង្កើតឡើងដោយច្បាប់កម្ពុជា និងដោយផ្អែកតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា និងដែលបានចាប់ផ្ដើមដំណើរការកាលពីឆ្នាំ២០០៦ បានបញ្ចប់ដំណើរការនីតិវិធីគ្រប់សំណុំរឿង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន, អ.វ.ត.ក. ដែលមានសមាសភាពព្រះរាជអាជ្ញា និងចៅក្រមចម្រុះខ្មែរ និងបរទេស បានចេញសាលដីកាស្ថាពរចំនួន ៣ រួមមាន សាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងសំណុំរឿងលេខ ០០១, សាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ ០០២/០១ និងសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងសំណុំរឿងលេខ ០០២/០២។ ផ្អែកតាមសាលដីកាព្រហ្មទណ្ឌស្ថាពរទាំង ៣ នេះ, អ.វ.ត.ក. បានរកឃើញនូវឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលត្រូវបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩។ ដូចនេះ, ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬ ការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ឬ ការលើកតម្កើងនូវឧក្រិដ្ឋកម្មទាំងនេះ ដែលត្រូវបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អ.វ.ត.ក. គឺមិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ ផ្ទុយទៅវិញ, ទង្វើនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបានបាត់បង់ជីវិតនៅក្នុងសម័យនោះនិងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃ។ បន្ថែមពីនេះ អំពើនេះត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសដោយច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យអំពើឃោរឃៅព្រៃផ្សៃក្នុងអតីតកាលនេះ កើតមានសារជាថ្មីក្នុងសង្គមជាតិ។
រំឭកទិវាជាតិការចងចាំនៃរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាទូទាំងប្រទេសប្តេជ្ញាចិត្តយ៉ាងរឹងមាំ ទប់ស្កាត់មិនឱ្យសោកនាដកម្មពីអតីតកាលនេះវិលត្រឡប់មកកម្ពុជាជាថ្មីទៀតឡើយ ដោយខិតខំការពារឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មិនឱ្យកើតមានភ្លើងសង្គ្រាម ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ គឺត្រូវបំផ្លាញចោលទាំងស្រុងនូវឧបាយកលពួកជ្រុលនិយម ដឹកនាំដោយជនក្បត់ជាតិតពូជ ៣ជំនាន់ ឱ្យវិនាសអន្តរាយពីលើទឹកដីកម្ពុជានៃយើង៕
ដោយ៖ទស្សនាវដ្តីប្រជាជន





