២០ ឧសភា ទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍​​កម្ពុជា​ប្រជាធិបតេយ្យ

ភ្នំពេញ៖ថ្ងៃទី២០ ខែឧសភា ប្រជាជនកម្ពុជាតែងបានប្រារព្ធពិធីទិវា​ជាតិនៃ​ការ​ចងចាំនៃរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងរបស់កម្ពុជាប្រជាធិបតេយ្យ ដែល​មាន ប៉ុល ពត អៀង សារី ខៀវ សំផន និងបក្ខពួកដឹកនាំ ធ្វើឱ្យប្រទេសជាតិ​ត្រូវក្រឡាប់ចាក់ វិនាសអន្តរាយស្ទើរតែបាត់រូប បាត់ឈ្មោះពីពិភពលោក។ រំឭកទៅដល់មហាឧក្រិដ្ឋកម្មដ៏យង់ឃ្នងនេះ ធ្វើឱ្យយើងទាំងអស់គ្នារំឭក​នឹកឃើញថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេ តើអនាគតនៃកម្ពុជាតាំងពី​ពេលនោះមកដល់ថ្ងៃនេះនឹងទៅជាយ៉ាងណា? កម្ពុជានឹងក្លាយទៅជាអ្វី? ប្រជាជនកម្ពុជាត្រូវធ្លាក់ក្នុងស្ថានភាពបែបណា?

នៅក្នុងរយៈកាលនៃកម្ពុជា​ប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរ​បាន​ឆ្លងកាត់នូវភ្នក់ភ្លើង​សង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទី​លំនៅ​របស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ​ជា​ដើម។ មិនតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជាត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ហេតុអ្វីបានជាយើងកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ? នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ មជ្ឈឹមបក្សកុម្មុយនីសកម្ពុជាប្រជាធិ​បតេយ្យបាន​បើកសម័យប្រជុំ និងបានកំណត់គោលនយោបាយមួយចំនួនដូចជា៖ ការជម្លៀសប្រជាជនចេញពីទីក្រុងនានា, ការលុបចោលទីផ្សារទាំងអស់​ក្នុងប្រទេស, ការបំបាត់រូបិយវត្ថុនៃរបបចាស់ និងការដកក្រដាសប្រាក់បដិវត្តន៍​ដែលបានបោះពុម្ពរួចហើយយកមកទុកវិញ, ការលុបបំបាត់សាសនាទាំងអស់ និងការផ្សឹកព្រះសង្ឃ, ការបង្កើតសហករណ៍ និងផ្ទះបាយរួមនៅទូទាំងប្រទេស, ការបណ្ដេញជនជាតិវៀតណាម, ការបញ្ជូនកងទ័ពទៅព្រំដែនធ្វើសង្គ្រាម​ជាមួយវៀតណាម, ការបិទមន្ទីរពេទ្យ, ការបិទមហាវិទ្យាល័យ វិទ្យាល័យ​អនុវិទ្យាល័យ និងសាលាបឋមសិក្សានៅទូទាំងប្រទេស និងការកម្ចាត់ចោល​ទាំងស្រុងនូវពួកខ្មាំងបង្កប់។ គោលនយោបាយនេះ គឺជាធាតុនៃនយោបាយ​ប្រល័យ​ពូជសាសន៍ ដែលមជ្ឈឹមបក្សកុម្មុយនីសកម្ពុជា បានប្រកាសចេញជា​ផ្លូវការ។

អំពីដំណើរការនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាចងកំហឹងចំពោះ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៨៣ គណៈកម្មការស្រាវជ្រាវឧក្រិដ្ឋកម្មរបស់បន ប៉ុល ពត បានផ្សព្វផ្សាយជាផ្លូវការ​កំណត់​ហេតុ បូកសរុបឧក្រិដ្ឋកម្មរបស់បនប៉ុល ពត អៀង សារី ខៀវ សំផន ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៨ មកលើប្រជាជនកម្ពុជា។ កំណត់ហេតុនោះ បានលើកឡើងតួលេខនៃការស្លាប់របស់ប្រជាជនកម្ពុជា ៣.៣១៤.៧៦៨នាក់ បន្សល់ជនពិការ ១៤១.៨៤៨នាក់ កុមារកំព្រា ២០០.០០០នាក់ និងស្ត្រី​មេម៉ាយជាច្រើន។ ប្រជាជន ១.១៦៦.៣០៧នាក់ បានដាក់ពាក្យប្ដឹងថ្កោល​ទោសរបប ប៉ុល ពត។ ឯកសារនេះ ត្រូវបានគណៈកម្មការស្រាវជ្រាវឧក្រិដ្ឋកម្ម​របស់បនប៉ុល ពត ស្នើទៅក្រុមប្រឹក្សាទូទាំងប្រទេស រណសិរ្សសាមគ្គីកសាង​ការពារមាតុភូមិកម្ពុជាផ្ញើទៅរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាទុកជាឯកសារស្របច្បាប់ សម្រាប់ថ្កោលទោសក្នុងមជ្ឈដ្ឋានក្នុងប្រទេស និងលើផ្ទៃ​អន្តរជាតិ ។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៨៣ លោក ជា ស៊ីម ប្រធានគណៈ​អចិន្ត្រៃយ៍ក្រុមប្រឹក្សាទូទាំងប្រទេស រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា បានធ្វើញត្តិស្តីអំពីឧក្រិដ្ឋកម្មរបស់បន ប៉ុល ពត អៀង សារី ខៀវ សំផន មកលើ​ប្រជាជនកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៨ ជូនទៅក្រុមប្រឹក្សារដ្ឋ បញ្ចូន​ទៅរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយធ្វើសំណូមពរ​ចំនួន២ គឺ ទី១-កំណត់យកថ្ងៃទី២០ ឧសភា ជារៀងរាល់ឆ្នាំ ធ្វើជាទិវាចងកំហឹងចំពោះបន​ប្រល័យពូជសាសន៍ ប៉ុល ពត ពីព្រោះនេះជាថ្ងៃដែលពួកវាចាប់ផ្តើមអនុវត្ត​គោលការណ៍​ប្រល័យពូជសាសន៍ជាបន្តយ៉ាងចំហ និងយ៉ាងឃោរឃៅព្រៃ​ផ្សៃចំពោះ​ប្រជាជនកម្ពុជាទូទាំងប្រទេស និងទី២-កសាងសិលាចារិក និងសាង​បូជនីយដ្ឋានតំកល់អដ្ឋិធាតុ នៃជនរងគ្រោះដល់របបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានសម្រេចយល់ស្របជាឯកច្ឆ័ន្ទជាមួយក្រុមប្រឹក្សាទូទាំងប្រទេស រណសិរ្ស​សាមគ្គី​កសាងការពារមាតុភូមិកម្ពុជា កំណត់យកថ្ងៃទី២០ ខែឧសភា ជាទិវាចង​កំហឹងចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត។

គួររំឭកដែរថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចង​កំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់​ប្រជាពលរដ្ឋខ្មែរ។ នៅក្នុងរបបរាជានិយមទី២ «ទិវាជាតិនៃការចងចាំ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមាន​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ថ្ងៃទី២៥ ខែកុម្ភៈ ព្រះមហាក្សត្រនៃព្រះ​រាជាណា​ចក្រកម្ពុជា បានចុះព្រះហត្ថលេខាលើព្រះរាជក្រឹត ស្តីពីការបង្កើត​បូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព។ គោលបំណងដែលត្រូវបានបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីឧក្រិដ្ឋកម្ម​មកសន្តិភាព ដែលមានទីតាំងឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រចំនួន៣ រួមមាន អតីតមន្ទីរ​ឃុំឃាំង១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈ មណ្ឌល​ប្រល័យពូជសាសន៍ជើងឯក ក្នុងគោលបំណងដូចជា៖ ការពារ និងអភិរក្សវត្ថុតាង និងឯកសារទាំងឡាយ ដែលជាតឹកតាងប្រវត្តិសាស្ត្រ ដើម្បីទុកជាមេរៀន​ការ​ចងចាំ និងទប់ស្កាត់ការកើតឡើងជាថ្មីនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើ​អនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩, ការពារបរិស្ថាន ទេសភាពប្រវត្តិសាស្ត្រ និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្ដែង និងអភិវឌ្ឍតំបន់នីមួយៗប្រកបដោយចីរភាព ដើម្បីការពារគុណតម្លៃជា សកល, បង្កើនការយល់ដឹង ការសិក្សាស្រាវជ្រាវ និងការអប់រំផ្សព្វផ្សាយ ដើម្បីលើក​កម្ពស់ការ​ផ្សះផ្សា និងសន្តិភាព។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការ «ប្រឆាំង​ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តិឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ បានបញ្ជាក់ថា កម្ពុជាធ្លាប់មានរួចហើយនូវ “ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ” ដែលត្រូវបានប្រកាស​ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ ប៉ុន្តែច្បាប់នេះត្រូវបានបង្កើតឡើងនៅក្នុងពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃ​កម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា អ.វ.ត.ក. កំពុងដំណើរការនីតិវិធីរបស់ខ្លួន និងមិនទាន់បានចេញ សេចក្តីសម្រេចស្ថាពរផ្ដន្ទាទោសមេដឹកនាំជាន់ខ្ពស់​កម្ពុជាប្រជាធិបតេយ្យ ឬជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះ​ឧក្រិដ្ឋកម្ម និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភ​ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ និងទម្លាប់អន្តរជាតិ ព្រមទាំងការរំលោភ​លើអនុសញ្ញាអន្តរជាតិដែលកម្ពុជាទទួលស្គាល់ ដែលប្រព្រឹត្តឡើងក្នុង​រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសំណុំរឿងណាមួយនៅឡើយទេ។

អ.វ.ត.ក. ដែលត្រូវបានបង្កើតឡើងដោយច្បាប់កម្ពុជា និងដោយផ្អែកតាមកិច្ច​ព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា និងដែលបាន​ចាប់ផ្ដើមដំណើរការកាលពីឆ្នាំ២០០៦ បានបញ្ចប់ដំណើរការនីតិវិធីគ្រប់​សំណុំរឿង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន, អ.វ.ត.ក. ដែលមានសមាសភាពព្រះរាជអាជ្ញា និងចៅក្រមចម្រុះខ្មែរ និងបរទេស បានចេញសាលដីកាស្ថាពរចំនួន ៣ រួមមាន សាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងសំណុំរឿងលេខ ០០១, សាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសំណុំរឿងលេខ ០០២/០១ និងសាលដីកាព្រហ្មទណ្ឌចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងសំណុំរឿង​លេខ ០០២/០២។ ផ្អែកតាមសាលដីកាព្រហ្មទណ្ឌស្ថាពរទាំង ៣ នេះ, អ.វ.ត.ក. បានរកឃើញនូវឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលត្រូវបានប្រព្រឹត្តឡើង​ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើ​អនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩។ ដូចនេះ, ការមិន​ទទួល​ស្គាល់ ឬការសម្រាល ឬការបដិសេធ ឬ ការជំទាស់អត្ថិភាព​នៃឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ​រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ​១៩៤៩ ឬ ការលើកតម្កើងនូវឧក្រិដ្ឋកម្មទាំងនេះ ដែលត្រូវបានប្រព្រឹត្តឡើង​ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលត្រូវបានទទួលស្គាល់ដោយ​សេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អ.វ.ត.ក. គឺមិន​មែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ ផ្ទុយទៅវិញ, ទង្វើនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងបានបាត់បង់​ជីវិតនៅក្នុងសម័យនោះនិងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃ។ បន្ថែមពីនេះ អំពើនេះត្រូវចាត់ទុក​ជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសដោយច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យ​អំពើឃោរឃៅព្រៃផ្សៃក្នុងអតីតកាលនេះ កើតមានសារជាថ្មីក្នុងសង្គមជាតិ។
រំឭកទិវាជាតិការចងចាំនៃរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាទូទាំងប្រទេសប្តេជ្ញាចិត្តយ៉ាងរឹងមាំ ទប់ស្កាត់មិនឱ្យសោកនាដ​កម្មពីអតីតកាលនេះវិលត្រឡប់មកកម្ពុជាជាថ្មីទៀតឡើយ ដោយខិតខំការពារ​ឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មិនឱ្យកើតមានភ្លើងសង្គ្រាម ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ គឺត្រូវបំផ្លាញចោលទាំងស្រុងនូវ​ឧបាយកលពួកជ្រុលនិយម ដឹកនាំដោយជនក្បត់ជាតិតពូជ ៣ជំនាន់ ឱ្យវិនាសអន្តរាយពីលើទឹកដីកម្ពុជានៃយើង៕
ដោយ៖ទស្សនាវដ្តីប្រជាជន

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner