ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់៖ វិស័យការទូតកម្ពុជាមួយរយៈនេះ មានភាពសកម្មកាន់តែច្រើនក្នុងទិសដៅពង្រីកចំណងមិត្តភាពនិងក៏ដូចជាលើកកម្ពស់សន្តិភាពនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ខែចុងក្រោយនេះវិស័យការទូតរបស់កម្ពុជាមានភាពសកម្ម និងមមាញឹកជាងប្រក្រតី តាមរយៈព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទិសដៅដើម្បីពង្រីកមិត្តភាព ជាមួយបណ្តាប្រទេសនានានិងក៏ដូចជាលើកកម្ពស់សន្តិភាពនៅកម្ពុជា។
ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ក្រោមមូលបទ៖ «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសបញ្ជាក់ថាសម្រាប់សកម្មភាពសំខាន់ៗដែលកម្ពុជាសម្រេចបាននាកន្លងមកនេះមានដូចជា ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន កិច្ចពិភាក្សាមួយចំនួនតាមប្រព័ន្ធទូរស័ព្ទរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមួយនាយករដ្ឋមន្ត្រីសិង្ហបូរី និងជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ជាដើម រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រមកកម្ពុជាដើម។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ បានបញ្ជាក់បន្ថែមថា កម្ពុជាពិតជាបានបន្តរឹតចំណងមេត្រីភាពជាមួយនឹងបណ្តាមិត្តចាស់ (មិត្តប្រពៃណី) ហើយទន្ទឹមនេះក៏បានខិតខំកសាងមិត្តថ្មីជាមួយបណ្តាប្រទេសដៃគូថ្មីថ្មោង ផងដែរក្នុងនេះជាក់ស្តែងដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ កាលពីពេលថ្មីៗកន្លងទៅនេះគឺបានស្តែងឱ្យឃើញនូវកិត្យានុភាពខ្ពស់ត្រដែតឡើងជាលំដាប់របស់សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែក្នុងនាមជាតួអង្គនយោបាយដ៏ឆ្នើម លើឆាកកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងនៅលើឆាកអាស៊ីអាគ្នេយ៍ថែមទៀតផង។
ឯកឧត្ដមបានលើកឡើងដោយបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងនេះសុទ្ធសឹងតែជាសកម្មភាពការទូតរបស់កម្ពុជានារយៈពេល៣ខែចុងក្រោយនេះ ដែលសកម្មភាពទូតទាំងនេះមានទិសដៅចំនួន៣ក្នុងនេះដូចជា ទី១ ការពង្រឹង និងពង្រីកចំណងមិត្តភាព ទី២ ការផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីវិបុលភាពរួម និងផលប្រយោជន៍ចែករំលែកគ្នាទៅវិញទៅមករវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសដៃគូ និងទី៣ ការថែរក្សា និងលើកកម្ពស់សន្តិភាពនៅកម្ពុជា នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។
ជាមួយគ្នានេះឯកឧត្ដមហ្សង់ ហ្រ្វង់ស័រតាន់ បានថ្លែងដោយបញ្ជាក់ដែរថា សម្រាប់ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្តេនេះសម្តេចតេជោប្រធានព្រឹទ្ធសភាបានចូលរួមចំណែកក្នុងការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់កម្ពុជាក្នុងការបន្តកសាងបណ្តាញសម្ព័ន្ធភាពមួយរឹងមាំ និងប្រកបទៅដោយតុល្យភាពល្អ ពង្រឹងមិត្តភាព ជាពិសេសជាមួយបណ្តាប្រទេសជិតខាងកម្ពុជា និងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលជាអ្វីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តខិតខំធ្វើ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ
