ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានទាំងសន្តិភាព មានទាំង​ស្ថេរភាព​នយោបាយ សេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច

(ភ្នំពេញ)៖ពិភពលោកនាពេលបច្ចុប្បន្ននេះជួបនូវស្ថានភាពច្របូ​កច្របល់ច្រើនក្នុងនេះរាប់ទាំងជម្លោះប្រដាប់អាវុធ សង្រ្គាម​ពាណិជ្ជកម្ម និងណាមួយគ្រោះធម្មជាតិកាន់តែកាចសាហាវ ជាងមុន ប៉ុន្តែចាត់ទុកថាជាភព្វសំណាងណាស់របស់កម្ពុជា ដែលមានទាំងសន្តិភាព ស្ថេរភាពនយោបាយ ហើយនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងអស់នេះផ្តើមចេញពីសិល្បៈការគ្រប់គ្រងដឹកនាំ ចាត់ចែងប្រកបដោយភាពប៉ិនប្រសព្វប្រកបដោយភាពឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជារបស់យើង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ក្រោមមូលបទ៖ «កម្ពុជា​ឈរកាន់តែរឹងមាំលើឆាកនយោបាយ ជាតិ តំបន់ និងអន្តរជាតិ» នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានលើកឡើងដោយបញ្ជាក់ថាក្នុងចំណោម​ស្ថេរភាពជាច្រើនក្នុងនេះជាក់ស្តែងដូចជាអត្រាប្តូរប្រាក់នៅកម្ពុជាយើងឃើញហើយថាអាចរក្សាបានភាពលំនឹងល្អពោលគឺមិនមានឡើងឬចុះអ្វីទេ។នេះបញ្ជាក់ថាទាំងអស់នេះមិនអាចកើតឡើង​ដោយឯក​ឯងបាននោះឡើយ។

ឯកឧត្តមមានប្រសាសន៍ថា៖ឈរលើស្ថានភាពដ៏ល្អបែបនេះ​រាជរដ្ឋាភិ​បាលបាននិង កំពុងបន្តអភិវឌ្ឍន៍ប្រទេសដោយរីក​ចម្រើនទៅមុខជា​លំដាប់ ដោយសកម្មខ្លាំងក្លា និង ទទួលបានសមិទ្ធផលថ្មីៗ​បន្ថែម​ទៀតជាក់ស្តែងក្នុងរយៈពេល៣ខែ ចុងក្រោយនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ពោធសមិទ្ធផលធំៗ​ជាច្រើនសម្រាប់ពលរដ្ឋកម្ពុជា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​រូបនេះបានបញ្ជាក់ដែរថាកន្លងមក មានអ្នកប្រឆាំង​គេបើកភ្នែកចាំមើលថាតើរាជរដ្ឋាភិបាលកម្ពុជាចាប់យកអាម៉េរិក ឬចាប់យកចិន ដោយពួកគេបានអះអាងថា បើចាប់យក​សហរដ្ឋ​អាមេរិក កម្ពុជានឹងបានសាច់គោ តែបើចាប់យកចិន កម្ពុជានឹង​ស្ពៃហើយ។

ជាការឆ្លើយតបទៅនឹងរឿងដ៏គួរឱ្យអស់សំណើចមួយនេះប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនទុកយូរក៏ចេញ​មកឆ្លើយថា កម្ពុជាចាប់យកទាំងពីរ ពោលគឺចាប់យកសហរដ្ឋ​អាមេ​រិក ដើម្បីបានសាច់គោ និងចាប់យកចិន ដើម្បីបានស្ពៃ ដែលទាំង​សាច់គោ ទាំងស្ពៃអាចឱ្យយើងយកធ្វើម្ហូបទទួលទានបាន​យ៉ាង​ឈ្ងុយឆ្ងាញ់ពិសារ។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ចំពោះការឆ្លើយរបស់​ប្រមុខ​រាជរដ្ឋាភិបាលដូចខាងលើទៅនឹងការលើកឡើង​របស់​ក្រុមអ្នកប្រឆាំងស្តាប់ទៅវាហាក់បីដូចជាកំប្លែងបន្តិចមែន តែផ្ទុយ​ទៅវិញគឺវាមានន័យធំធេងណាស់សម្រាប់កម្ពុជា ព្រោះកម្ពុជា​មិនបានយកប្រទេសណាមួយជាសត្រូវនោះទេ យើងមានតែជំរុញ​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តា​ប្រទេស​ទាំងអស់ ដើម្បីផលប្រយោជន៍ខាងសេដ្ឋកិច្ច និងនយោបាយ ដែល​ជា​ធាតុដ៏សំខាន់សម្រាប់ការទ្រទ្រង់ដល់ការរីកចម្រើនរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងដែរថាទាំងអស់នេះហើយជា​នយោបាយ​វៃឆ្លាត ហើយជានយោយបាយសមស្របបំផុតដោយ​យកផលប្រយោជន៍ធំបំផុតនៃបរិបទពិភពលោក៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner