ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានទាំងសន្តិភាព មានទាំងស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច
(ភ្នំពេញ)៖ពិភពលោកនាពេលបច្ចុប្បន្ននេះជួបនូវស្ថានភាពច្របូកច្របល់ច្រើនក្នុងនេះរាប់ទាំងជម្លោះប្រដាប់អាវុធ សង្រ្គាមពាណិជ្ជកម្ម និងណាមួយគ្រោះធម្មជាតិកាន់តែកាចសាហាវ ជាងមុន ប៉ុន្តែចាត់ទុកថាជាភព្វសំណាងណាស់របស់កម្ពុជា ដែលមានទាំងសន្តិភាព ស្ថេរភាពនយោបាយ ហើយនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងអស់នេះផ្តើមចេញពីសិល្បៈការគ្រប់គ្រងដឹកនាំ ចាត់ចែងប្រកបដោយភាពប៉ិនប្រសព្វប្រកបដោយភាពឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជារបស់យើង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ក្រោមមូលបទ៖ «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយ ជាតិ តំបន់ និងអន្តរជាតិ» នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានលើកឡើងដោយបញ្ជាក់ថាក្នុងចំណោមស្ថេរភាពជាច្រើនក្នុងនេះជាក់ស្តែងដូចជាអត្រាប្តូរប្រាក់នៅកម្ពុជាយើងឃើញហើយថាអាចរក្សាបានភាពលំនឹងល្អពោលគឺមិនមានឡើងឬចុះអ្វីទេ។នេះបញ្ជាក់ថាទាំងអស់នេះមិនអាចកើតឡើងដោយឯកឯងបាននោះឡើយ។
ឯកឧត្តមមានប្រសាសន៍ថា៖ឈរលើស្ថានភាពដ៏ល្អបែបនេះរាជរដ្ឋាភិបាលបាននិង កំពុងបន្តអភិវឌ្ឍន៍ប្រទេសដោយរីកចម្រើនទៅមុខជាលំដាប់ ដោយសកម្មខ្លាំងក្លា និង ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជាក់ស្តែងក្នុងរយៈពេល៣ខែ ចុងក្រោយនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ពោធសមិទ្ធផលធំៗជាច្រើនសម្រាប់ពលរដ្ឋកម្ពុជា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានបញ្ជាក់ដែរថាកន្លងមក មានអ្នកប្រឆាំងគេបើកភ្នែកចាំមើលថាតើរាជរដ្ឋាភិបាលកម្ពុជាចាប់យកអាម៉េរិក ឬចាប់យកចិន ដោយពួកគេបានអះអាងថា បើចាប់យកសហរដ្ឋអាមេរិក កម្ពុជានឹងបានសាច់គោ តែបើចាប់យកចិន កម្ពុជានឹងស្ពៃហើយ។
ជាការឆ្លើយតបទៅនឹងរឿងដ៏គួរឱ្យអស់សំណើចមួយនេះប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនទុកយូរក៏ចេញមកឆ្លើយថា កម្ពុជាចាប់យកទាំងពីរ ពោលគឺចាប់យកសហរដ្ឋអាមេរិក ដើម្បីបានសាច់គោ និងចាប់យកចិន ដើម្បីបានស្ពៃ ដែលទាំងសាច់គោ ទាំងស្ពៃអាចឱ្យយើងយកធ្វើម្ហូបទទួលទានបានយ៉ាងឈ្ងុយឆ្ងាញ់ពិសារ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ចំពោះការឆ្លើយរបស់ប្រមុខរាជរដ្ឋាភិបាលដូចខាងលើទៅនឹងការលើកឡើងរបស់ក្រុមអ្នកប្រឆាំងស្តាប់ទៅវាហាក់បីដូចជាកំប្លែងបន្តិចមែន តែផ្ទុយទៅវិញគឺវាមានន័យធំធេងណាស់សម្រាប់កម្ពុជា ព្រោះកម្ពុជាមិនបានយកប្រទេសណាមួយជាសត្រូវនោះទេ យើងមានតែជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ខាងសេដ្ឋកិច្ច និងនយោបាយ ដែលជាធាតុដ៏សំខាន់សម្រាប់ការទ្រទ្រង់ដល់ការរីកចម្រើនរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងដែរថាទាំងអស់នេះហើយជានយោបាយវៃឆ្លាត ហើយជានយោយបាយសមស្របបំផុតដោយយកផលប្រយោជន៍ធំបំផុតនៃបរិបទពិភពលោក៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួង ពិសិដ្ឋ
