ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការខិតខំប្រឹងប្រែងរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តឧត្តរមានជ័យ បញ្ចប់ដោយជោគជ័យ

(ឧត្តរមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ដើម្បីឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនីមួយៗ ទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញ ដើម្បីធ្វើការវាស់វែងក្បាលដីដែលបានឯកភាពគ្នារួច រវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី និងអត្តសញ្ញាណក្បាលដីមុននឹងដំណើរការកំណត់ព្រំ និងការវាស់វែង ហើយការខិតខំប្រឹងប្រែងរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យការការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តឧត្តរមានជ័យ បានបញ្ចប់ដោយជោគជ័យ។ នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តឧត្តរមានជ័យ ដែលជាខេត្តទី៧ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបានផ្ដល់សារប្រយោជន៍ជាសារវ័ន្តទាំងពេលបច្ចុប្បន្ន និងអនាគតសម្រាប់កម្មសិទ្ធិករជារដ្ឋក្តី រូបវន្តបុគ្គលក្តីនិ ងនីតិបុគ្គលក្តី ដូចជារដ្ឋគ្រប់គ្រងបានទាំងដីរដ្ឋ និងដីឯកជនដែលធ្វើឱ្យរដ្ឋមានភាពងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយទំនាស់ដីធ្លី, ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ, ទទួលបានសិទ្ធស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលឬប្រកបមុខរបរផ្សេងទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ, អាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួន ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តឧត្ដរមានជ័យគឺជាខេត្តទី៧ហើយ ដែលបានប្រកាសបិទបញ្ចប់ការវាស់វែងក្បាលដី និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដូច្នេះកិច្ចការបន្ទាប់ សូមអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ គិតគូរលើការរៀបចំក្រុង និងពិនិត្យឈ្មោះ និងលេខកូដភូមិសាស្ត្រ ដើម្បីក្រសួងអាចរៀបចំអាសយដ្ឋាន និងព្រំប្រទល់ភូមិ ឃុំ ខេត្ត ទូទាំងប្រទេសឡើងវិញ ។ ជាមួយនេះ ឯកឧត្តមក៍បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមថែរក្សានិងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើអោយរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់ ។

ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តឧត្ដរមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំតម្រង់ទិស របស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជំរុញការចុះបញ្ជីដីធ្លី ទូទាំងប្រទេស ជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងឈានដល់ការប្រកាស ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តឧត្ដរមានជ័យនាពេលនេះ។ បន្ថែមពីនេះឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្ដី និងក្រុមការងារ គ្រប់ផ្នែកទាំងអស់របស់ខេត្ត ដែលបានសហការអនុវត្តការងារដោយយកចិត្តទុកដាក់ខ្ពស់ រហូតការងារទទួលបានជោគជ័យនៅពេលនេះ។

ឯកឧត្ដម ទេសរដ្ឋមន្រ្ដី គន់ គីម បន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាលទី១ ដែលក្នុងនោះបានផ្ដោតទៅលើ ការកែទម្រង់ដីធ្លីឲ្យកាន់តែសកម្ម និងស៊ីជម្រៅ តាមរយៈការជំរុញបញ្ចប់ នូវការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ ឲ្យកាន់តែមានទំហំតូច និងឈានទៅលុបបំបាត់ទំនាស់ ដែលរ៉ាំរ៉ៃទាំងស្រុង ។ ហើយនៅក្នុងយុទ្ធនាការវាស់វែង ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនាចុងឆ្នាំ២០២៣ រហូតមកដល់ពេលនេះ គឺការចុះបញ្ជីដីធ្លី បង្ហើយ ជាការរួមចំណែកដ៏សំខាន់មួយ ដើម្បីសម្រេចឲ្យបាននូវ “បរិយាកាសគ្មានវិវាទនៅកម្ពុជា”។

ជាមួយគ្នានេះដែរ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក៏បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៨០៣ បណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ នៃខេត្តឧត្ដរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner