ដាណឺម៉ាកជួយអ៊ុយក្រែនជាង ៦០០លានដុល្លារទិញគ្រាប់កាំភ្លើងធំ
កូប៉ិនហាក់ ៖ ដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមានទំហំ ៦១៨ លានដុល្លារសម្រាប់អ៊ុយក្រែន គិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៨ ដោយផ្តោតលើការទិញគ្រាប់កាំភ្លើងធំ។
ក្រសួងការពារជាតិដាណឺម៉ាកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះថា ជំនួយនេះ រួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍យោធាសម្រាប់កងទ័ពអាកាសអ៊ុយក្រែន។
ជំនួយនេះទទួលបានហិរញ្ញប្បទានក្នុងក្របខ័ណ្ឌគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប ហើយត្រូវបានសងវិញ តាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។
ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមហ៊ុន ឆេក អាមីតសិន អ៊ីននីធីធីវ (Czech Ambition Initiative) ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយប្រទេសដាណឺម៉ាក ឆេក និងហូឡង់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញគ្រាប់កាំភ្លើងធំរហូតដល់ ៨០០.០០០គ្រាប់សម្រាប់អ៊ុយក្រែន។
អ៊ុយក្រែនបានត្អូញត្អែរជាយូរមកហើយអំពីកង្វះគ្រាប់រំសេវទប់ទល់នឹងកងកាំភ្លើងធំរបស់រុស្ស៊ី ហើយបានអំពាវនាវដល់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួន បង្កើនការចែកចាយគ្រឿងបរិក្ខាយោធា បើទោះបីជាក្រុមហ៊ុនផលិតឧបករណ៍យោធាអឺរ៉ុបបង្កើនសន្ទុះផលិតឆ្លើយតបតម្រូវការក៏ដោយ។
យ៉ាងណាមិញ រុស្សីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅកាន់អ៊ុយក្រែន ដោយព្រមានថា ការធ្វើបែបនេះនឹងបន្តអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន ពិសេសបង្កើនបន្ទុកសេដ្ឋកិច្ចបន្ថែមទៀតដល់អ្នកបង់ពន្ធ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

