អ៊ីស្រាអែលថាការបាញ់មន្ត្រីទូត ដើមចមមកពីអឺរ៉ុប

បរទេស ៖ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានស្តីបន្ទោសលើអឺរ៉ុប ជាដើមចម នាំឲ្យមានករណីបាញ់ប្រហារ ស្លាប់មន្ត្រីទូតរបស់ខ្លួន ចំនួនពីរនាក់ នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។

ការអះអាងនេះ ស្របពេលដែលមានភាពតានតឹងអន្តរជាតិ ជុំវិញការប្រឆាំងនឹងពួកយូដា ដែលបានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបាញ់សម្លាប់ នៅឯសារមន្ទីរជនជាតិ ជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយខ្មាន់កាំភ្លើង បានស្រែកថា «ដោះលែងប៉ាឡេស្ទីន»។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានស្តីបន្ទោសការរិះគន់ របស់អឺរ៉ុប ចំពោះការវាយលុក ក្នុងតំបន់ Gaza ដែលកំពុងកើនឡើង ដោយអះអាងថា «ជាខ្សែបន្ទាត់ផ្ទាល់ ដែលភ្ជាប់ការញុះញង់ប្រឆាំងនឹងពួកយូដា និងប្រឆាំងនឹងអ៊ីស្រាអែល ទៅនឹងឃាតកម្មនេះ»។ លោកបានបន្តថា «ការញុះញង់នេះ ក៏ធ្វើឡើង ដោយមេដឹកនាំ និងមន្ត្រីនៃប្រទេសជាច្រើន ព្រមទាំង អង្គការអន្តរជាតិ ជាពិសេស ពីអឺរ៉ុប»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងពីស្ថានភាព ដ៏គួរឱ្យភ័យខ្លាចនៃការប្រឆាំងនឹងពួកយូដា ហើយបានបរិហារ ចំពោះការញុះញង់ ដែលលោកហៅថា ជាទង្វើ បែបព្រៃ ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល។

តែ អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានចេញមុខច្រានចោល ដោយហៅការចោទប្រកាន់នេះ ថា «ជាការខឹងសម្បារ និងអយុត្តិធម៌ ទាំងស្រុង»។

គួររម្លឹកថា មន្ត្រីស្ថានទូតអ៊ីស្រាអែល ប្រចាំនៅអាមេរិក ២នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងក្រៅសារមន្ទីរ ជ្វីហ្វ ស្ថិតនៅក្នុងក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ។ ប៉ូលីសបានកំណត់អត្តសញ្ញាណ ខ្មាន់កាំភ្លើង មានឈ្មោះថា Elias Rodriguez អាយុ៣០ឆ្នាំ មកពីទីក្រុង Chicago៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner