ជប៉ុនសម្ញែងសព្វាវុធយោធាទំនើបៗក្នុងពិព័រណ៍ការពារជាតិខ្នាតយក្ស

តូក្យូ ៖ ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះតាំងបង្ហាញបច្ចេកវិជ្ជាយោធាទំនើបបំផុតមួយចំនួនរបស់ខ្លួន មានដូចជាកាំភ្លើងដែកអេឡិចត្រិច ឡាស៊ែរមានថាមពលខ្ពស់ និងកាំជ្រួចផ្លោងល្បឿនលឿន នៅឯព្រឹត្តិការណ៍តាំងពិព័រណ៍ការពារជាតិដ៏ធំបំផុត រយៈពេលបីថ្ងៃនៅខាងក្រៅទីក្រុងតូក្យូ។

ពិព័រណ៍ការពារជាតិខ្នាតយក្សនេះ មានទំហំធំជាងមុនទ្វេដងធៀបនឹងឆ្នាំ២០២៣ ដោយបានទាក់ទាញក្រុមហ៊ុនចំនួន៤៧១ មកពី ៣៣ប្រទេស ក្នុងនោះ ១៦៩ក្រុមហ៊ុនមកពីប្រទេសជប៉ុន តួលេខនេះកើនឡើងច្រើនជាងពីរដងធៀបនឹងពីរឆ្នាំមុន នេះបើយោងតាមអ្នករៀបចំពិព័រណ៍ការពារជាតិ Clarion Defense & Security។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani ថ្លែងថា លោកសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងផ្តល់នូវឱកាសថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណៈប្រតិភូជាតិ និងក្រុមហ៊ុននានា ជួយទ្រទ្រង់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ពិសេសជំរុញការបង្កើតថ្មី និងលើកកម្ពស់សន្តិភាព និងស្ថិរភាព។

ប្រទេសជប៉ុនបាននិងកំពុងដើរថយក្រោយបន្តិចម្តងៗពីសន្តិភាពនិយម ដែលជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនការការពារជាតិជាច្រើនទសវត្សរ៍ បន្ទាប់ពីការបរាជ័យរបស់ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ។

ជាងនេះទៅទៀត ជប៉ុនក៏បានលុបចោលការហាមឃាត់ការនាំចេញសព្វាវុធយោធាក្នុងឆ្នាំ២០១៤ ហើយកំពុងបោះជំហានដំបូងទៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិជាសកល ដែលលើកទឹកចិត្តដោយសហរដ្ឋអាមេរិក និងដៃគូអឺរ៉ុប ដែលចង់ចែករំលែកការចំណាយលើការអភិវឌ្ឍន៍ និងទាញយកមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន ចំពេលមានការគំរាមកំហែងពីចិន កូរ៉េខាងជើង និងរុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner