កម្ពុជា និងហុងកុងចាប់ដៃគ្នាលើកកម្ពស់វិស័យអចលនទ្រព្យកម្ពុជា

ភ្នំពេញ ៖ សម្លឹងឃើញកំណើនវិនិយោគិនបរទេសចាប់អារម្មណ៍ពីសក្ដានុពលរបស់កម្ពុជា លើវិស័យអចលនព្រទ្យ ពិសេសការកើនឡើងការទិញខុនដូរស្នាក់នៅពីសំណាក់ជនបរទេស និងប្រជាជនកម្ពុជានោះ ក្រុមហ៊ុន Econ Group របស់កម្ពុជា និងក្រុមហ៊ុន Picasso របស់ចិនហុងកុង បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហការយុទ្ធសាស្ត្រលើវិស័យអចលនទ្រព្យ ពិសេសការសាងសង់ខុនដូរនៅកម្ពុជា។

កិច្ចសហការនេះ នឹងបង្រួបបង្រួមចំណេះដឹង បទពិសោធន៍ និងសក្តានុពលរបស់ភាគីទាំងពីរ ដើម្បីជំរុញឱ្យការអភិវឌ្ឍគម្រោងអចលនទ្រព្យមានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ ជាពិសេសលើវិស័យខុនដូរនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះគឺជាការផ្តើមយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការរួមគ្នាបង្កើតដំណោះស្រាយបញ្ហាអចលនទ្រព្យដែលកំពុងជាប់គាំងនៅកម្ពុជា ដោយផ្សារភ្ជាប់ការអភិវឌ្ឍន៍គុណភាពខ្ពស់របស់ Picasso ជាមួយសមត្ថភាពគ្រប់គ្រង និងបណ្តាញទីផ្សាររបស់ Econ Group។ ជាមួយនឹងកិច្ចសហការនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោង ដែលមានភាពខុសប្លែក និងស៊ីជម្រៅទាំងក្នុងវិស័យលំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្ម។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ស្ថាបនិកនៃក្រុមហ៊ុន Econ Group និងជាប្រធានគណៈកម្មការអាស៊ីប៉ាស៊ីហ្វិក (APC-Cambodia) ដែលផ្តោតទៅលើការកៀរគរអ្នកវិនិយោគមកពីក្រៅប្រទេសឱ្យចូលមកកម្ពុជា បានលើកឡើងថា កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ Econ Group ដោយអ្នកឧកញ៉ាមានជំនឿថា ការរួមដៃជាមួយ Picasso ដែលមានគោលបំណងដូចគ្នា នឹងជួយឱ្យយើងផ្តល់នូវតម្លៃបន្ថែមដល់អតិថិជន និងជម្នះឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារថ្មី។

អ្នកឧកញ៉ារំពឹងថា នឹងជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដោយផ្តោតលើការបំពេញតម្រូវការអ្នកប្រើប្រាស់ តាមរយៈសេវាកម្មដ៏ពិសេស និងគម្រោងដែលមានស្តង់ដារអន្តរជាតិ ហើយភាគីទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗនៃទីផ្សារកម្ពុជា។ លោក តេង ឆឹង យូអ៊ី (Teng Cheng Yueh) បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរនឹងរួមគ្នាផ្តល់នូវគុណតម្លៃបន្ថែមដល់អតិថិជន និងបង្កើតគម្រោងអភិវឌ្ឍន៍របស់យើងឱ្យកាន់តែមានភាពល្អប្រសើរ និងស៊ីជម្រៅទៅក្នុងទីផ្សារកម្ពុជា៕

អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner