អាជ្ញាធរជាតិព្រះវិហារសហការជាមួយអង្គការយូណេស្កូ រៀបចំផែនការគ្រប់គ្រង​គ្រោះ​មហន្តរាយនៅរមណីយដ្ឋាន ប្រាសាទកោះកេរ

ភ្នំពេញ៖អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃនេះថា ស្របតាមអនុសាសន៍​របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពី​ប្រាសាទ និងរមណីយដ្ឋាន(ICOMOS) អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអង្គការយូណេស្កូ ចុះសិក្សាវាយ​តម្លៃមុខសញ្ញា​គ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយដែលនឹងអាចកើត​មានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុង​រមណីយដ្ឋានប្រាសាទ​កោះកេរ ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ក្រោមការគាំទ្រដោយ​ជំនួយឧបត្ថម្ភ​អន្តរជាតិ២០២៤/២០២៥របស់អនុសញ្ញាបេតិក​ភណ្ឌពិភព​លោក។

ប្រភពដដែលបន្តថាទិន្នន័យទាំងអស់នេះនឹងប្រើជាមូលដ្ឋានដើម្បីរៀបចំផែនការគ្រប់គ្រងគ្រោះមហន្តរាយនៅរមណីយដ្ឋានប្រាសាទកោះកេរ។នៅក្នុងបេសក​កម្ម​នេះដែរ ក៏មានការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងអំពីបេតិក​ភណ្ឌ​ពិភព​លោក និងការប្រែប្រួលអាកាសធាតុ ដោយអង្គការយូណេស្កូ និងទីប្រឹក្សាគម្រោង ដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងសិស្សានុសិស្ស សរុប៥៥នាក់។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិក​ភណ្ឌពិភព​​លោករបស់អង្គការយូណេស្កូ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ប្រាសាទកោះកេរ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។គឺជាទីតាំងបុរាណវត្ថុដែល​ដាច់​ស្រយាលមួយនៅ​ភាគខាងជើងនៅខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលមានចម្ងាយ​ប្រហែល១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប ។

ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ មានទំហំផៃ្ទដី១៦គុណនឹង១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាង​ឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិ​ព្រហ្មញ្ញសាសនា។

ទន្ទឹមគ្នានេះដែរកាលពីដើមខែឧសភា​ថា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំបើក​ការដ្ឋានអភិរក្ស និងជួសជុលប្រាសាទ​ក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។ គម្រោង​នេះមានរយៈពេល៣ឆ្នាំ(២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួស​ជុលដូចជា សម្អាតដីចាក់បង្គរ ជួសជុល​រចនាសម្ព័ន្ធប្រាសាទទាំងមូលដោយ​គោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរ​ពណ៌នៅផ្នែកខាងក្នុង និងបាយអ​នៅ​លើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃ​ប្រវត្តិសាស្ត្រ និងភាពដើមរបស់​សំណង់​ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញ​ក្រោយ។

គួរបញ្ជាក់ដែរថា ប្រាសាទក្រហមមានបាតប្រវែង១២ម៉ែត្របួនជ្រុង និងកម្ពស់​១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាង​គេក្នុង​រមណីយដ្ឋានបេតិកភណ្ឌ​ពិភពលោក​ប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់​ប្រហែល៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោ​ឈរចំនួន៨នៅតាមជ្រុងនីមួយៗ៕


ដោយ៖មុនី
រូបថត៖អាជ្ញាធរជាតិព្រះវិហារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner