កូរ៉េខាងជើងបាញ់សម្ញែងមីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់

សេអ៊ូល ៖ ជាសារគំរាមមួយទៅកាន់សត្រូវខ្លួន កូរ៉េខាងជើងទើបបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។

យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបនេះ នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃព្រហស្បតិ៍ ចេញពីតំបន់ Sondok នៃខេត្ត South Hamgyong។

ភ្លាមៗ យោធាកូរ៉េខាងត្បូងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ដូចជាចម្ងាយដែលមីស៊ីលទាំងនោះហោះចម្ងាយប៉ុន្មាន ឬទីតាំងជាក់លាក់ពួកវាធ្លាក់នោះទេ។

កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តួយ៉ាង កាលពីខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប និងបានធ្វើសមយុទ្ធយោធាក្នុងខែកុម្ភៈ ដើម្បីបាញ់សាកល្បងមីស៊ីលមួយផ្សេងទៀត។ រីឯកាលពីខែមេសា កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ដែលបានបំពាក់លើនាវាពិឃាតផងដែរ។

យ៉ាងណាមិញ ការបាញ់មីស៊ីលចុងក្រោយនេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងចាត់ទុកជាអំពើឧក្រិដ្ឋកម្ម ក្រោយនាវាចម្បាំងថ្មីទម្ងន់ ៥.០០០តោនមិនដំណើរការនៅក្នុងថ្ងៃសម្ពោធ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍។

មូលហេតុដែលនាវាបរាជ័យមិនអាចដំណើរការ ដោយសារតែការបញ្ជាដែលគ្មានបទពិសោធន៍ និង ការធ្វេសប្រហែស ដោយក្នុងនោះ ពេលដែលនាវារអិលចុះពីលើផ្លូវជម្រាល ស្រាប់តែបានជាប់គាំង បន្ទាប់ពីធុងសម្រាប់នាវាបណ្ដែតមិនអាចផ្លាស់ទីតាម ធ្វើឲ្យបាត់បង់លំនឹងរបស់នាវា បណ្តាលឲ្យបុកផ្នែកខ្លះនៃបាតនាវា៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner