ក្លិបអ្នកកាសែតកម្ពុជា និងក្រុមប្រឹក្សាជាតិសារព័ត៌មាន​ថៃរួមគ្នាកាត់បន្ថយការ ផ្សព្វផ្សាយព័ត៌មានដែលប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក ឆាវ៉ារ៉ុង លីមប៉ាតាម៉ា(Chavarong Limpattamapanee )ប្រធានក្រុមប្រឹក្សាជាតិ​សារព័ត៌មានថៃ បានជួបពិភាក្សាការងារទ្វេភាគីកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ​ដើម្បីពង្រឹងកិច្ចសហ​ប្រតិបត្តិការលើវិស័យ​ព័ត៌មាន​​រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះលោក ពុយ គា និងលោក Chavarong Limpattamapanee ព្រមទាំងសមាជិកប្រតិភូ បានចែករំលែក​ព័ត៌មានគ្នាទៅវិញទៅមកពីស្ថានភាព​នៃវិស័យសារព័ត៌មានក្នុងប្រទេសទាំងពីរ និងបានពិភាក្សារកយន្តការនានា ដែលភាគី​ទំាងពីរអាចធ្វើបានក្នុងគោលបំណងជួយទប់ស្កាត់ និងកាត់បន្ថយ​ការផ្សព្វផ្សាយ​ព័ត៌មានដែលធ្វើឱ្យប៉ះ​ពាល់​ដល់ទំនាក់​ទំនង​​​ប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការរៀបចំសិក្ខាសាលារួមគ្នាដើម្បីពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន​នៃ​​ប្រទេសទាំងពីរ ជាពិសេសការចូល​រួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការសម្របខ្លួនឱ្យទាន់ការវិវឌ្ឍនៃយុគ​សម័យ​​ឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)។

សូមជម្រាបថា ប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃបានមកទស្សនកិច្ច​ការងាររយៈពេល ៤ថ្ងៃ ដែលមានសមាជិក​ប្រតិភូមក​ពីតំណាងស្ថាប័ន​សារព័ត៌មានធំៗរបស់ប្រទេសថៃចំនួន១១ស្ថាប័ន។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ ប្រតិភូក៏នឹងជួបពិភាក្សាការងារជា​មួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួងការបរទេសកម្ពុជា និងឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា។ ក្រៅពីនេះ ប្រតិភូ ក៏នឹងទៅទស្សនកិច្ចនៅខេត្តកំពត និងខេត្តកែប ជាពិសេសទៅចម្ការម្រេចក្នុងខេត្តកំពត​៕


ដោយ៖ម៉ាដេប៉ូ
រូបថត៖ក្លិបអ្នកាសែតកម្ពុជា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner