គ.ជ.ប៖ លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ១៨ឆ្នាំឡើង

ភ្នំពេញ៖ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ទទួលបាន គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១០.៨០៦នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៩៩.៣៧៣នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១.២៨៣.០៨១នាក់ ក្នុងនោះ មានការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ១.១៧៣.០៦៣នាក់ អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២.៤៥៣.៨៩៧នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤៨.២៨២នាក់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។ នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះ នឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តបន្ថែមទៀត នៅក្នុងថ្ងៃចុងក្រោយនេះ។

ឯកឧត្តមបានបន្តថា ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ត្រូវបានបញ្ចប់ ហើយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានពាក្យបណ្តឹង) ឬប្រសិនបើពុំមានពាក្យបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិ-យាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ដាក់ចូលក្នុងកញ្ចប់ «ក»។

បន្ទាប់មក ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងវេចខ្ចប់កញ្ចប់ «ក» និងសម្ភារ ឯកសារពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតទាំងអស់ ដោយដាក់ទៅក្នុងស្បោង «ខ» តាមចំនួនដែលអាចដាក់អស់កញ្ចប់ «ក» និងសម្ភារ ឯកសារទាំងនោះ ដើម្បីបញ្ជូនទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)។ នៅពេលទទួល និងត្រួតពិនិត្យស្បោង «ខ» រួចរាល់ហើយ មន្ត្រី លធ.ខប ត្រូវចាត់ចែងត្រួតពិនិត្យនិងវេចខ្ចប់ស្បោង «ខ» ដាក់ក្នុងស្បោង «គ» សម្រាប់បញ្ជូន និងប្រគល់ទៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner