ហ្វាំងឡង់ ៖ ពិភពលោកត្រូវរួមកម្លាំងគ្នាបង្ខំលោក Putin បញ្ឈប់សង្គ្រាមអ៊ុយក្រែន
ហែលស៊ិនគី ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បាននិយាយនៅថ្ងៃចន្ទថា ពិភពលោក និងសហគមន៍អន្តរជាតិត្រូវតែរួមកម្លាំងគ្នាដាក់សម្ពាធប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ខំឲ្យគាត់ចាប់ផ្តើមការចរចាបទឈប់បាញ់ ហើយឆ្ពោះទៅបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន។
លោក Orpo ដែលប្រទេសរបស់គាត់មានព្រំដែនប្រហែល ១.៣៤០គីឡូម៉ែត្រជាប់មរុស្ស៊ី បាននិយាយថា បើសិនគ្មានការបង្ខំទេ លោក Putin នឹងមិនព្យាយាមស្វែងរកការចរចាទេ នោះហើយជាមូលហេតុដែលយើងត្រូវការសម្ពាធបន្ថែមទៀត។
បើតាមមេដឹកនាំហ្វាំងឡង់រូបនេះ សហគមន៍អន្តរជាតិចាំបាច់ត្រូវតែទម្លាក់ទណ្ឌកម្ម ឬជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ពិសេសការគាំទ្រផ្នែកនយោបាយតាមដែលអាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនបន្តប្រយុទ្ធនឹងរុស្ស៊ី។
ការអះអាងបែបនេះរបស់លោក Orpo កើតឡើងបន្ទាប់ពីរុស្ស៊ីបានវាយលុកដោយយន្តហោះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ុយក្រែនស្ទើរពេញមួយយប់ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីលោក Donald Trump បានហៅលោក Putin ថា ជាមនុស្ស “ឆ្កួត” ហើយបានព្រមានថា រុស្ស៊ីកំពុងប្រថុយនឹងទណ្ឌកម្មថ្មី បើសិនរុស្ស៊ីនៅតែបន្តការទម្លាក់គ្រាប់បែកដ៏សាហាវប្រឆាំងអ៊ុយក្រែន៕