ខេត្តស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តពីររយៈពេល៣ថ្ងៃជាលើកដំបូងនៅស្រុកជាប់ព្រំដែនឡាវ

ស្ទឹងត្រែង៖ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ព្រឹត្តិការណ៍កម្សាន្តដ៏សំខាន់ពីរ នឹងរៀប​ចំឡើងជាលើកដំបូងនៅខេត្តភាគខាងជើងប្រទេស​មួយនេះ គឺ «បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភានិងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។

បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់លើកទី១នឹងប្រារព្ធ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល នៃអន្លង់ផ្សោតឈើ​ទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ​សែនជ័យ ដែលជាស្រុកមានព្រំប្រទល់ជាប់ជាមួយប្រទេស​ឡាវ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា ក្នុងឱកាសនេះនឹងមានព្រឹត្តិការណ៍ អម​សំខាន់​ជាច្រើន រួមមាន ពិធីបុណ្យផ្សោតមេគង្គ ដោយមានពិធី​សូត្រមន្ត ,អុំទូកកៃយ៉ាក់ ,តាំងពិព័រណ៍ផលិត​ផល​សហគមន៍​អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ,សកម្មភាពកីឡា​ទេសចរណ៍ជាលក្ខណៈមហាជន ដោយមានការ​រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ និងការប្រណាំងទូក ,ការបោះតង់ជំរំ​ទេសចរ​នៅលើកោះលននិងកោះ​ទន្សាយ ,ទស្សនកិច្ច​សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្រ​បណ្ណាល័យហ្លួងម៉ែ) និងទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត ជាដើម។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍​នេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្ស​សត្វផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេស​ចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង​ពង្រឹង​គុណភាពផលិតផល សេវាកម្មទេសចរណ៍ ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់​ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សធនធាន​ធម្មជាតិ អនាម័យ បរិស្ថានសំដៅទាក់ទាញកំណើនភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិបន្ថែមទៀត ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ដើម្បីងាយ​ស្រួលដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍ «បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់» ខាងលើ មន្ទីរ​ទេសចរណ៍មានរៀបចំនូវតារាងតម្លៃម្ហូបអាហារ តង់ស្នាក់នៅ និងតម្លៃទូកសម្រាប់ជិះកម្សាន្តផងដែរ ។

លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា តម្លៃសេវាកម្មរាយរបស់​សហគមន៍ទេសចរណ៍ ក្នុងព្រឹត្តិការណ៍ អាហារមួយ​ពេល​មានតម្លៃ ១៦.០០០រៀល ,ជិះទូកកម្សាន្តក្នុងម្នាក់តម្លៃ ៣ម៉ឺនរៀល ,ជិះទូកកៃយ៉ាក់ស្មាច់ តម្លៃ ៣ម៉ឺនរៀល ,ជិះទូកកៃយ៉ាក់ ម៉ាយសឺវិនតម្លៃ ៦ម៉ឺនរៀល,តង់ស្នាក់នៅ​តម្លៃ ២៨.០០០រៀល និងស្នាក់នៅផ្ទះសហគមន៍ តម្លៃ ១៦.០០០រៀល ។ភ្ញៀវ​ទេសចរក៏អាចទំនាក់ទំនងព័ត៌មាន​បន្ថែម មកកាន់មន្ត្រីទេសចរខេត្ត លោក ម៉ៃ មេត្តា តាមរយៈទូរ​សព្ទលេខ ០៩៧ ៩៩ ៥៥ ២៧៥ ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner