គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងផុលផុស។
គ.ជ.ប បានបន្តថា ក្នុងដំណើរការនេះ ក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៥២ឃុំ សង្កាត់ បានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោត តាំងពីថ្ងៃទី១ ខែឧសភា និងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។ ជាការកត់សម្គាល់ ក្រុមចុះឈ្មោះបោះឆ្នោតបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បើទោះបីត្រូវធ្វើការលើសម៉ោងការងារក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១.៥១៤ឃុំ សង្កាត់ បានបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតព្រមៗគ្នានៅវេលាម៉ោង ៥:៣០នាទីល្ងាច។ ដោយឡែកឃុំ សង្កាត់ ចំនួន ១៣៨ ទៀត នៃរាជធានី ខេត្តចំនួន ១៨ បានបន្តចុះឈ្មោះជូនប្រជាពលរដ្ឋលើសម៉ោងការងារ ដោយសារអ្នកមកសុំចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានវត្តមានក្នុងបរិវេណខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតនៅឡើយ។
គ.ជ.ប បានបន្តទៀតថា ចំពោះការងារបន្ត ក្រោយពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោតត្រូវវេចខ្ចប់របាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ និងសម្ភារៈ ឯកសារពាក់ព័ន្ធ ដើម្បីបញ្ជូនមក លធ.ខប ត្រួតពិនិត្យ វេចខ្ចប់ រួចបញ្ជូនបន្តមក គ.ជ.ប។ បន្ទាប់ពីនោះ គ.ជ.ប ត្រូវរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់បិទផ្សាយនៅតាមឃុំ សង្កាត់ និងបង្ហោះផ្សាយនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីទាំងពីរនេះ ព្រមទាំងអាចប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ក្នុងករណីពិនិត្យឃើញមានកំហុសឆ្គង៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប



