អាមេរិកនិងអ៊ីស្រាអែលមិនព្រមឲ្យឈប់បាញ់នៅហ្គាហ្សា ទោះបីហាម៉ាស់ចង់ក៏ដោយ
បរទេស៖ អាមេរិក និងអ៊ីស្រាអែលមិនព្រម ឲ្យឈប់បាញ់ នៅហ្គាហ្សា បើទោះបីជាពួកសកម្មប្រយុទ្ធហាម៉ាស់ចង់ឲ្យមានក៏ដោយ នេះបើតាមប្រភព ដែលបានដឹងពីរឿងនេះ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីថ្ងៃចន្ទ។
ប្រភពបានអះអាងថា ក្រុមហាម៉ាស និងបេសកជនមជ្ឈិមបូព៌ា របស់សហរដ្ឋអាមេរិក គឺ លោក Steve Witkoff បានយល់ព្រមលើសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំមួយ នៅរដ្ឋធានីដូហា ប្រទេសកាតា។ ពួកគេបាននិយាយថា ជាឈប់បាញ់រយៈពេល ៦០ថ្ងៃ ជាមួយនឹងការដោះលែងអ្នកទោស នៅរស់ ចំនួន១០នាក់ ជាពីរដំណាក់កាល។
ប៉ុន្តែ មន្ត្រីអាមេរិក និងអ៊ីស្រាអែល បានចេញមុខទាត់ចោល ការអះអាងនេះ ដោយពួកគេនិយាយថា កិច្ចព្រមព្រៀងនេះ គឺមិនអាចទទួលយកបាន និង ជាការខកចិត្ត តែមិនបង្ហាញលម្អិតពីមូលហេតុនៃការច្រានចោលទេ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អះអាងថា ឈ្លើយសឹកជនជាតិអ៊ីស្រាអែលនៅសេសសល់ក្នុង តំបន់ហ្គាហ្សា មានចំនួន៥៨នាក់ ដែលដាច់ខាត ត្រូវដោះលែងទាំងអស់ ក្នុងនោះ មាន២០នាក់ ត្រូវបានគេជឿថា នៅមានជីវិត។
កងកម្លាំងអ៊ីស្រាអែល នៅតែបន្តការទម្លាក់គ្រាប់បែក ឥតឈប់ឈរ ទៅលើប្រជាជនប៉ាឡេស្ទីន ដែលកំពុងស្រេកឃ្លាន នៅក្នុងតំបន់ហ្គាហ្សា ហើយបានបន្តដាក់កម្រិតយ៉ាងធ្ងន់ធ្ងរ ដល់ការបញ្ចូលជំនួយ ទៅក្នុងរង្វង់ ដែលឡោមព័ទ្ធ។
ជាមួយគ្នានេះ កាលពីថ្ងៃចន្ទ មានមនុស្សស្លាប់ យ៉ាងហោចណាស់ ៨១នាក់ បន្ថែមទៀត រួមទាំង កុមារជាច្រើននាក់ អំឡុងការវាយសង្ក្រុប របស់អ៊ីស្រាអែល។ ចំនួនមនុស្សស្លាប់ ក្នុងសង្គ្រាមនៅហ្គាហ្សា អូសបន្លាយ ប្រមាណ២០ខែមកនេះ បានកើនដល់ ជាង៥,៣០០០នាក់ហើយ៕
ប្រភពពីAl Jazeera, ប្រែសម្រួល ៖ សារ៉ាត