រុស្ស៊ីថាលោក Trump ប្រឈមបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយដៀលលោក Putin

បរទេស ៖ ភាគីរុស្ស៊ីអះអាងថា លោក Trump បានបណ្តោយឲ្យខ្លួនឯងមាន «អារម្មណ៍ជ្រុលហួសហេតុ» ដែលប្រឈមនឹងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយពេលមេដឹកនាំអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ បានដៀលលោក Putin ថា ជាមនុស្សឆ្កួត។

ការលើកឡើង របស់វិមានក្រឹមឡាំងបែបនេះ បានធ្វើឡើង មួយថ្ងៃ បន្ទាប់ពី លោកប្រធានាធិបតី Donald Trump បានហៅលោក Putin ថា «ឆ្កួតទាំងស្រុង» ជុំវិញរុស្ស៊ីបាញ់មីស៊ីល និងដ្រូន ៣៦៧គ្រឿង ទៅលើអ៊ុយក្រែន ស្លាប់មនុស្ស១៣នាក់ កាលពីចុងសប្តាហ៍។

ផ្អែកតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃអង្គារនេះ លោក Dmitry Peskov អ្នកនាំពាក្យ របស់លោក Putin បានអះអាងថា «ការអត្ថាធិប្បាយរបស់លោក Trump បង្ហាញពីមនុស្សមានអារម្មណ៍ ជ្រុលហួសហេតុ។ លោកបានពន្យល់ថា ការវាយប្រហារតាមអាកាស ចុងក្រោយបង្អស់ របស់រុស្ស៊ី គឺធ្វើឡើង ទុកជាការឆ្លើយតប ទៅនឹងការវាយប្រហារ របស់អ៊ុយក្រែន ទៅលើ «ហេដ្ឋារចនាសម្ព័ន្ធ» របស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់បំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ចំនួន ២០គ្រឿង លើតំបន់មួយចំនួនរបស់រុស្ស៊ី ទើបវិមានក្រឹមឡាំង សម្រេចចិត្តតបតវិញ។

ថ្លែងនៅក្នុងរដ្ឋ New Jersey កាលពីល្ងាចថ្ងៃអាទិត្យ លោក Trump លើកឡើងថា លោក Putin បន្តសម្លាប់មនុស្ស ជាអ្វីដែលលោកមិនពេញចិត្តជាខ្លាំង ហើយក្រោយមក មេដឹកនាំដែលសន្យាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រូបនេះ បានដៀលបន្ថែម តាមរយៈបណ្តាញសង្គមថា «លោក Putin ពិតជាឆ្កួតហើយ» ហើយថែមទាំងបានព្រមានថា រុស្ស៊ីនឹងដួលរលំ ទាំងស្រុង បើនៅតែប្រកាន់គំនិត ចង់ដណ្តើមយក អ៊ុយក្រែន ទាំងមូលនោះ។ លោក Trump បានអះអាងផងដែរ លោកកំពុងពិចារណា បង្កើនការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើប្រទេសរុស្ស៊ី ទៀតផង។

ជាការឆ្លើយតប លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយ ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទថា រុស្ស៊ីគ្មានជម្រើសអ្វីក្រៅពី ការបើកប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការបន្តធ្វើទុក្ខបុកម្នេញ លើប្រជាជននៅតំបន់ Donbass ពីសំណាក់រដ្ឋាភិបាលទីក្រុងគៀវ ពោលគឺបន្ទាប់ពីរដ្ឋប្រហារ Euromaidan ដែលគាំទ្រដោយលោកខាងលិច នៅឆ្នាំ២០១៤ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT៕

ប្រភពពី BBC, RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner