មណ្ឌលសុខភាពចំនួនពីរតម្លៃជាង១ ៨០០លានរៀល នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
បន្ទាយមានជ័យ ៖មណ្ឌលសុខភាពចំនួនពីរ គឺមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូជ្រៅ ។

ពិធីបានប្រព្រឹត្តទៅនៅបរិវេណមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ។សមិទ្ធផលនេះ ក្រោមគម្រោងថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរំលឹកដល់មន្រ្តីទទួលខុសត្រូវយកចិត្តទុកដាក់ថែទាំអគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជនឱ្យកាន់តែល្អប្រសើរ ។មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ ពិសេសអ្នកជំងឺក្រីក្រដោយមិនត្រូវគិតពីរបាំងហិរញ្ញវត្ថុ។បន្តការយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មតាមដានបញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈផ្សេងទៀត ដែលអាចមានហានិភ័យខ្ពស់ចំពោះសុខភាព។អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ចូលរួមសហការ និងជួយគាំទ្រដល់ការថែទាំសុខភាពបឋម និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រី សុខាភិបាលដែលបម្រើការនៅមូលដ្ឋានអាចបំពេញភារកិច្ចដោយបុរេសកម្ម ។
ឯកឧត្តមក៏បានអំពាវនាវដល់អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន បន្តការជួយគាំទ្រ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យបន្តទៀត។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំងពីរកន្លែង មានទំហំ ១៥ម៉ែត្រ គុណនឹង១៣ម៉ែត្រ ,កម្ពស់២ជាន់ដូចគ្នា ដោយចំណាយថវិកាសរុបចំនួន ១.៨២០.០០០.០០០រៀលឬប្រមាណជាង ៤៥ ម៉ឺនដុល្លារអាមេរិក៕
ដោយ៖ឃិន គន្ធា

