ខេត្តស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តពីររយៈពេល៣ថ្ងៃជាលើកដំបូងនៅស្រុកជាប់ព្រំដែនឡាវ
ស្ទឹងត្រែង៖ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង ព្រឹត្តិការណ៍កម្សាន្តដ៏សំខាន់ពីរ នឹងរៀបចំឡើងជាលើកដំបូងនៅខេត្តភាគខាងជើងប្រទេសមួយនេះ គឺ «បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភានិងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។

បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់លើកទី១នឹងប្រារព្ធ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល នៃអន្លង់ផ្សោតឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ក្នុងឱកាសនេះនឹងមានព្រឹត្តិការណ៍ អមសំខាន់ជាច្រើន រួមមាន ពិធីបុណ្យផ្សោតមេគង្គ ដោយមានពិធីសូត្រមន្ត ,អុំទូកកៃយ៉ាក់ ,តាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ,សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានការរត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ និងការប្រណាំងទូក ,ការបោះតង់ជំរំទេសចរនៅលើកោះលននិងកោះទន្សាយ ,ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) និងទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត ជាដើម។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សសត្វផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យ បរិស្ថានសំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍ «បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក់» ខាងលើ មន្ទីរទេសចរណ៍មានរៀបចំនូវតារាងតម្លៃម្ហូបអាហារ តង់ស្នាក់នៅ និងតម្លៃទូកសម្រាប់ជិះកម្សាន្តផងដែរ ។

លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា តម្លៃសេវាកម្មរាយរបស់សហគមន៍ទេសចរណ៍ ក្នុងព្រឹត្តិការណ៍ អាហារមួយពេលមានតម្លៃ ១៦.០០០រៀល ,ជិះទូកកម្សាន្តក្នុងម្នាក់តម្លៃ ៣ម៉ឺនរៀល ,ជិះទូកកៃយ៉ាក់ស្មាច់ តម្លៃ ៣ម៉ឺនរៀល ,ជិះទូកកៃយ៉ាក់ ម៉ាយសឺវិនតម្លៃ ៦ម៉ឺនរៀល,តង់ស្នាក់នៅតម្លៃ ២៨.០០០រៀល និងស្នាក់នៅផ្ទះសហគមន៍ តម្លៃ ១៦.០០០រៀល ។ភ្ញៀវទេសចរក៏អាចទំនាក់ទំនងព័ត៌មានបន្ថែម មកកាន់មន្ត្រីទេសចរខេត្ត លោក ម៉ៃ មេត្តា តាមរយៈទូរសព្ទលេខ ០៩៧ ៩៩ ៥៥ ២៧៥ ៕
ដោយ៖ឡុង សំបូរ

