អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី
វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Nimitz របស់អាមេរិក ត្រូវគេតាមដានឃើញថា បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដ៏ចំរូងចម្រាស់វិញជាថ្មីម្ដងទៀត ជាទីដែលភាពតានតឹងហាក់មិនធូរស្បើយឡើយ។
ដំណឹងពីការវិលត្រឡប់របស់នាវា USS Nimitz ទៅកាន់សមុទ្រចិនខាងត្បូងនេះ កើតឡើងនៅពេលចិនបន្តអះអាងសិទ្ធទឹកដីនៅក្នុងតំបន់ ដែលជារឿយៗនាំឱ្យមានការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចជាមួយកងកម្លាំងដែនសមុទ្រជិតខាង រួមទាំងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងដែលត្រូវបានការពារដោយសន្ធិសញ្ញាការពារគ្នាទៅមក។

នាវា USS Nimitz បានទៅដល់សមុទ្រចិនខាងត្បូងកាលដើមខែឧសភា ហើយបានធ្វើប្រតិបត្តិការនៅទីនោះអស់ពីរសប្តាហ៍ មុនពេលបើកត្រឡប់ទៅច្រកសមុទ្រម៉ាឡាកាវិញ ជាផ្លូវទឹកតភ្ជាប់សមុទ្រចិនខាងត្បូង ជាមួយមហាសមុទ្រឥណ្ឌា ដោយបង្កើនការរំពឹងទុកអំពីលទ្ធភាពនៃការដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។
បន្ថែមពីលើនាវា USS Nimitz និងនាវាចម្បាំងថ្មី George Washington គេមើលឃើញថា នៅមាននាវារបស់អាមេរិកមួយគ្រឿងផ្សេងទៀតឈ្មោះ USS America ដែលត្រូវបញ្ជូនតាមមូលដ្ឋានរបស់ជប៉ុន ទៅកាន់សមុទ្រហ្វីលីពីន កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេ ថាតើនាវាអាមេរិកទាំងបីគ្រឿងនោះ នឹងប្រមូលផ្តុំគ្នានៅទីតាំងណានៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ប្រតិបត្តិការរួមគ្នាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ប្រភព ៖ newsweek ប្រែសម្រួល ៖ ឈឹម ទីណា
