ទេសរដ្ឋមន្ត្រី អៀង មូលី ៖ ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានពីវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅការបញ្ចប់ជំងឺអេដស៍ ស្ដីពី លទ្ធផលសម្រេចបានថ្មី នៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកស្រី Winnie Byanyima នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ការឆ្លើយតបនឹងមេរោគអេដស៍ ត្រូវឈរលើសសរស្តម្ភបី គឺ៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់ៗ នៅក្នុងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ មានជាអាទិ៍ ៖ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់, ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពជាតិ, ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ, អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌, អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព ។ នេះជារបៀបដែលកម្ពុជា នឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈ ។

ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរ ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងពី សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការគណនាប៉ាន់ប្រមាណការរីករាលមេរោគអេដស៍ នៅឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីនូវកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថា ជាប្រទេសឈានមុខគេក្នុងពិភពលោក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ។

យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មី បានថយចុះមកត្រឹម ១ ២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការថយចុះ ៤៥% ពីកម្រិតមូលដ្ឋាន នៅឆ្នាំ២០១០ និងជាការថយចុះជាង ៩០% ចាប់តាំងពីការឆ្លងរីករាលដាល នៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ លើសពីនេះទៀត ការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន បានធ្លាក់ចុះមកត្រឹម ៦.៩% ក្នុងឆ្នាំ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង ៩៧% នៃអ្នកផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ។

វឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដស៍ជាសកល ៩៥-៩៥-៩៥ បានបន្ត ៖ ៩២% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន នៅឆ្នាំ២០២៤ (កើនឡើងពី ៨៩% ក្នុងឆ្នាំ២០២៣ ), ១០០% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាល និង ៩៨% នៃអ្នកដែលកំពុងព្យាបាល មានបន្ទុកមេរោគអេដស៍កម្រិតទាប ។

ទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ។ ការឆ្លងថ្មី នៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឺះៗ រួមមាន៖ បុរសដែលរួមភេទជាមួយបុរស អ្នកបំប្លែងភេទ ស្ត្រីក្នុងសេវាកម្សាន្ត ​និងអ្នកដែលប្រើប្រាស់/ចាក់គ្រឿងញៀន ។ បច្ចុប្បន្ន ៤៤% នៃករណីឆ្លងមេរោគអេដស៍ថ្មីៗ គឺជាយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ ។ និន្នាការមួយ គួរឱ្យព្រួយបារម្ភនេះ បណ្តាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ នៅក្នុងចំណោមយុវវ័យ ។

លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា បានកោតសរសើរ ចំពោះសមិទ្ធផលរបស់កម្ពុជា ដោយគូសបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខ ដែលថា កំណាត់ផ្លូវចុងក្រោយ ដើម្បីសម្រេចបានគោលដៅ នឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជា ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់សេវាបង្ការមេរោគអេដស៍ រួមបញ្ចូលគ្នានៅគ្រប់កម្រិត និងគ្រប់វិស័យ និងតាមរយៈការដោះស្រាយឧបសគ្គនានា ដែលបណ្តាលមកពីការមាក់ងាយ និងការរើសអើង ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ អ្នករងផលប៉ះពាល់ ឬអ្នកប្រឈមនឹងមេរោគអេដស៍ កម្ពុជា អាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន និងធ្វើជាគំរូសម្រាប់តំបន់ និងពិភពលោក ។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែក និងកាមរោគ បានកត់សម្គាល់ពីសារៈសំខាន់ នៃសន្ទុះដែលនាំឱ្យមានការឆ្លើយតប ប្រកបដោយចីរភាព ថា វឌ្ឍនភាព​ដែល​យើង​ឃើញ ​គឺ​ជា​លទ្ធផល ​នៃ​ការ​ប្ដេជ្ញា​ចិត្ត ​និង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​កម្ពុជា ។ ដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិទី៦ ដែលកំណត់ថា ការឆ្លងថ្មី នៃមេរោគអេដស៍ ធ្លាក់តិចជាង ២០០ករណីក្នុង ១ឆ្នាំ នៅឆ្នាំ២០២៨ យើងត្រូវពន្លឿនការបង្ការ ពង្រឹងប្រព័ន្ធទិន្នន័យ និងវិនិយោគបន្ថែមទៀត ដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនគន្លឹះ ដែលនៅសេសសល់ ។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីមេរោគអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner