សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ ។ សម្តេច ថា កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេច បានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃ ថា ជាដីរបស់ពួកគេ?
សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ និងត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង ហើយ
ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ ។
សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨ ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។ ក្នុងសង្គ្រាមនោះ ទីបញ្ជាការដ្ឋាន គឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ ។ សម្តេចបានរំលឹកទៀតថា កាលពីពេលនោះ នាយឧត្តមសេនីយ៍ ជា តារា និង ឈិន ច័ន្ទពណ៌ បានស្នើសុំសម្តេចប្រើកាំភ្លើងធំបាញ់ចូល ៤០គីឡូម៉ែត្រ ទៅក្នុងប្រទេសថៃ តែសម្តេច មិនប្រើនោះទេ ៕
ដោយ ៖ វណ្ណលុក