គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រារព្ធសន្និបាតនិងជ្រើសរើសសមាសភាពអាណត្តិទី៦
កំពង់ចាម៖ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាអភិបាលខេត្ត បានអញ្ជើញចូលរួមជាក្នុងពិធីអបអសាទរសន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងដោយមានការចូលរួមពីសមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៨៨រូប។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។
ក្នុងដំណើរការសន្និបាត បានប្រកាសរំសាយគណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប)។ អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។
គណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ហួត វុទ្ធី អនុប្រធាន, សាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី អនុប្រធាន, លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក, ឯកឧត្តម ស្រី សុភ័ក្រ ជាលេខាធិការ និងសមាជិកចំនួន ៩ រូបទៀត៕






ដោយ៖លី ពៅ