គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រារព្ធ​សន្និបាត​និងជ្រើសរើសសមាសភាពអាណត្តិទី៦

កំពង់ចាម៖ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាអភិបាល​ខេត្ត បានអញ្ជើញចូលរួម​ជាក្នុងពិធីអបអសាទរសន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់​គណៈ​កម្មាធិការសាខកាកបាទក្រហម​កម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាក​បាទ​ក្រហមកម្ពុជា និងដោយមានការចូលរួមពី​សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិ​សាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករ​សរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោត​ចំនួន ៨៨រូប។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖១- ពិនិត្យ និងអនុម័ត​របាយការណ៍​សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែន​ការទិសដៅ​អាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍​ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការ​ទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការ​សាខា​អាណត្តិទី៦។

ក្នុងដំណើរការសន្និបាត បានប្រកាសរំសាយគណៈកម្មាធិការសាខា​អាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជន​គណៈ​កម្មាធិការ​សាខា​សម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប)។ អង្គសន្និបាតបាន​បោះឆ្នោត​ជ្រើសរើសសមាសភាព​គណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។

គណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ហួត វុទ្ធី អនុប្រធាន, សាស្ត្រាចារ្យ​ជំនួយ ប៉ែន ម៉ារឌី អនុប្រធាន,  លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក, ឯកឧត្តម ស្រី សុភ័ក្រ ជាលេខាធិការ និងសមាជិកចំនួន ៩ រូបទៀត៕


ដោយ៖លី ពៅ

ads banner