អ៊ីស្រាអែលវាយប្រហារព្រលានយន្តហោះយេម៉ែនជាថ្មី
សាណាអា ៖ ទោះបីជាប់ដៃប្រយុទ្ធនឹងក្រុមហាម៉ាស់នៅហ្កាហ្សាក៏ដោយ ក៏អ៊ីស្រាអែលឆ្លៀតដកខ្លួនវាយលុកផ្លូវអាកាសកម្ទេចព្រលានយន្តហោះសំខាន់របស់យេម៉ែន ក្នុងរដ្ឋធានីសាណាអា សងសឹកការបាញ់មីស៊ីលពីរគ្រាប់របស់ក្រុមហ៊ូទី។
អគ្គនាយកនៃអាកាសយានដ្ឋានអន្តរជាតិសាណាអា លោក Khaled al-Shaief បានបង្ហោះសារលើបណ្តាញសង្គម X ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញយន្តហោះស៊ីវិលជាច្រើនគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways ខណៈមិនមានសេចក្តីរាយការណ៍ពីទំហំនៃការខូចខាត ឬមនុស្សរងរបួសទេ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើក្រុមហ៊ូទី ដែលខ្លួនចាត់ទុកថា ជា “គោលដៅភេរវកម្ម” នៅឯព្រលានយន្តហោះ និង បានបំផ្លាញយន្តហោះជាច្រើនគ្រឿង។
បើតាមប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ ការវាយលុកនេះគឺជាការផ្ញើសារច្បាស់លាស់ និង គោលនយោបាយរបស់យើង ដែលកំណត់ថា អ្នកណាដែលហ៊ានបាញ់អ៊ីស្រាអែល នោះនឹងរងការខាងបង់វិញធ្ងន់ធ្ងរបំផុត។
ទោះបីជាយ៉ាងណា មេដឹកនាំក្រុមហ៊ូទីលោក Abdul-Malik al-Houthi បានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលដែលមានបំណងដាក់សម្ពាធក្រុមខ្លួនចុងក្រោយនេះ មិនអាចវាយបំបាក់សាមគ្គីភាព និងជំហរដ៏រឹងមាំរបស់ពួកគេ ក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សាបានឡើយ៕

ប្រភព ៖ aljazeera news ប្រែសម្រួល ៖ ឈឹម ទីណា