អភិបាលខេត្តកំពង់ចាម៖ រយៈពេល៦ខែខាងមុខ​ប្រជាពលរដ្ឋ​នៅឃុំព្រែកដំបូក នឹងទទួលបានទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់

កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ថា រយៈពេល៦ខែទៀត ប្រជាពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ខណៈក្រុមហ៊ុន​ផ្គត់​ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម​ ដើម្បីឱ្យសម្ពាធទឹកខ្លាំងជាងមុន ។ឯកឧត្តមបញ្ជាក់ថា ការងារនេះបច្ចុប្បន្នសម្រេចបានប្រមាណ ៩ភូមិលើ៩ភូមិស្មើនឹង​ ១០០ភាគរយ ហើយ​ ដោយ នៅសល់​តែការងារជួសជុល​បណ្តាញ​ដែលមានបញ្ហា​បន្ថែមបណ្តាញថ្មីតិចតួចតាមជាក់ស្តែងតែប៉ុណ្ណោះ​ ។

ឯកឧត្តមថ្លែងបែបនេះនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ កាលពីចុង​សប្ដាហ៍​កន្លងទៅនេះ។

ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ឯកឧត្តម​អភិបាលខេត្ត​ស្នើទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក្រសួងក៏បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរ​ឧស្សាហកម្ម​​ខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេ​វាករទឹក​ស្អាតពិនិត្យមើលករណីខ្វះ​ខាត់ទឹកស្អាតប្រើប្រាស់។ ដោយសង្កេត​ឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បាន​ណែនាំឱ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹក​ថ្មីបន្ថែម។

ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ​ សេវាករទឹកស្អាតកំពុងសិក្សាផ្លា​ស់​ប្តូរ​ប្រព័ន្ធបណ្តាញខែ្សភ្លើងប្រវែង​ ២ ៥០០​ម៉ែត្រ​​(រយ:ពេល​ ៦​ ខែ​ )​ និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត​ ដើម្បីត្រៀមនៅពេល​បន្ទុក​ប្រើប្រាស់ខ្លាំង​ ដោយ ត្រូវប្រើរយ:ពេល​ ៥​ ខែ។ បន្ទាប់មកប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន​ ១៣២ខ្នងផ្ទះ​លើ៣៨៧​ ខ្នងផ្ទះស្មើនឹង​ ៣៤.១០ភាគរយ នឹងងាកមក​ប្រើប្រាស់ទឹកស្អាតវិញ។

ឯកឧត្តមអភិបាលបានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​នៅតាមភូមិ​មានខ្នង​ផ្ទះបានប្រើប្រាស់ទឹកស្អាតចាប់ពី​ ៧០ភាគរយ​ឡើង​ទៅបើ​គិតនៅ​ក្នុង​ឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)​ដែលបានប្រើប្រាស់ទឹក​ស្អាត​ ១ ៨៦១ខ្នងផ្ទះលើ២ ៣៦៣​ ខ្នងផ្ទះស្មើនឹង​ ៧៨.៧៥ភាគរយ​ ។ ដូច្នេះនៅសល់​ ៥០២​ ខ្នងផ្ទះ​ ស្មើនឹង​ ២១.២៤ភាគរយ​ទៀតនៅប្រើ​​​ប្រាស់ប្រភព​ទឹកទន្លេខ្ពប​ ទឹកអណ្តូង​ ទឹកស្រះ​ ទឹកព្រែក​ និងទឹកភ្លៀង​នៅឡើយ៕


ដោយ៖លី ពៅ

ads banner