ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បន្តកម្មវិធីពង្រឹងសមត្ថភាពកម្មសិទ្ធិបញ្ញា សម្រាប់មន្ត្រីកម្ពុជា
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (កយកា-KOICA) ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥បានរៀបចំវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម មុនពេលពួកគាត់ចូលរួមវគ្គបណ្តុះបណ្តាលឆ្នាំទីបីក្នុងកម្មវិធីស្តីពី”ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញានិងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥”។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ជាមួយកម្ពុជា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាតាមរយៈ ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិតនិងសិទ្ធិកម្មសិទ្ធិបញ្ញា។
បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១និងទី២ កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពី ម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (geographical indication-GI) គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើត និងប្រើប្រាស់កម្មសិទ្ធិបញ្ញា(intellectual property-IP)ដោយហេតុនេះគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗតាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្ត កម្មសិទ្ធិបញ្ញា។
នៅក្នុងសុន្ទរកថាបើក លោកស្រី សេជីន លី (Ms. Sejin Lee) នាយិការងនៃការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាមចូលរួមទាំងអស់ដែលបានត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។


លោកស្រីបានថ្លែងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការពង្រឹងធនធានមនុស្សនៅក្នុងវិស័យសំខាន់នេះ។ លោកស្រី លី ក៏បានកត់សម្គាល់ផងដែរថា កិច្ចសហប្រតិបត្តិការរបស់ កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយកយកា-KOICAបានជួយដល់វិស័យផ្សេងៗទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។ ចាប់តាំងពីឆ្នាំ១៩៩៤មក កយកា-KOICA បាននិងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធីការកែលម្អសមត្ថភាពនិងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។
ក្នុងអំឡុងពេលនៃវគ្គតម្រង់ទិសមុនចេញដំណើរនេះ បុគ្គលិករបស់កយកា-KOICA បានបង្ហាញនូវ ទិដ្ឋភាពទូទៅនៃកម្មវិធីបណ្តុះបណ្តាល គន្លឹះជាក់ស្តែងសម្រាប់ការស្នាក់នៅក្នុងប្រទេសកូរ៉េ និងគោលការណ៍ណែនាំអំពីកម្មវិធីសំខាន់ៗដើម្បីជួយធានាបាននូវការរៀនសូត្រប្រកបដោយសុវត្ថិភាពនិងផលិតភាព។
ឯកឧត្តម ពេជ អង្គ ប្រធានក្រុមការងារច្បាប់ពាណិជ្ជកម្មនិងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់អមទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចូលរួម ក្នុងវគ្គតម្រង់ទិសមុនចេញដំណើរក្នុងនាមជាអតីតកម្មសិក្សាការីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះកាលពីឆ្នាំ២០២៤។ ឯកឧត្តមបានចែករំលែកការឆ្លុះបញ្ចាំងអំពីរបៀបដែលវគ្គបណ្តុះបណ្តាលបានរួមចំណែកដល់ទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់គាត់ ហើយបានផ្តល់ដំបូន្មានជាក់ស្តែង និងការលើកទឹកចិត្ត ដោយផ្អែកលើបទពិសោធន៍រស់នៅ និងការសិក្សារបស់គាត់នៅប្រទេសកូរ៉េផងដែរ។
តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំប្រទេស ដោយលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសិទ្ធិកម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមទាំងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួនចន្លោះប្រហោងសំខាន់ៗដូចជា អវត្តមាននៃយុទ្ធសាស្ត្រសិទ្ធិកម្មសិទ្ធិបញ្ញាជាតិ និងតម្រូវការបន្ទាន់ក្នុងការពង្រឹងជំនាញក្នុងស្រុក។ របាយការណ៍នេះក៏បានកំណត់ភារកិច្ចអាទិភាព ដូចជាការណែនាំប្រព័ន្ធភ្នាក់ងារកម្មសិទ្ធិបញ្ញា ការជំរុញសហគ្រាសថ្មី(Startups)ដោយផ្អែកលើសិទ្ធិកម្មសិទ្ធិបញ្ញានិងការបង្កើនការយល់ដឹងជាសាធារណៈដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យនេះ។
សិក្ខាកាមដែលបានជ្រើសរើសបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េ សម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញភាពរំភើបរីករាយ និងការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ការកសាងជំនាញវិជ្ជាជីវៈ ក្នុងដើម្បីធ្វើឱ្យយល់ដឹងកាន់តែទូលំទូលាយ នៅក្នុងកម្មវិធីអំពីកម្មសិទ្ធិបញ្ញានិងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម៕
ដោយ ៖ ង៉ាន់ ទិត្យ
