ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង​ចំពោះ​សេចក្តីថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោស​សកម្មភាពវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ​សេចក្តី​ថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយ​ប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា កាលពី​ព្រឹកថ្ងៃទី២៨ ខែឧសភា ថាជាការំលោភបំពានមកលើអធិបតេយ្យ​និង​បូរណភាព​ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះគោលជំហរនិងចំណាត់ការរបស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់​គ្រប់យន្តការទាំងទ្វេភាគី ការទូត យន្តការតំបន់ និងវិធានការការពារខ្លួនក្នុងពេល​ចាំបាច់ ជាពិសេសការអនុវត្តនីតិវិធីច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បី បញ្ចប់ជម្លោះព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតា​ក្របី និងតំបន់មុំបី សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និង​បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ “ពន្លត់ ភ្លើងជា​ជាងអង្គុយបក់ផ្សែង” ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព និងការ​អភិវឌ្ឍ​យូរអង្វែង។

ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហាន​របស់​កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើង​ការពារ​បូរណភា​ពទឹកដី​នៅតាមតំបន់ព្រំដែន និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាធារណជនទាំងអស់ បន្តចូលរួម​ផ្តល់ការឧបត្ថម្ភដោយស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្តនិងគាំទ្រដល់​កង​កម្លាំងកម្ពុជា ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ដែលបង្ហាញនូវស្មារតី សាមគ្គីភាពជាតិ រួបរួមជាធ្លុងមួយនៃមហាគ្រួសារខ្មែរ សំដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពាន​ពី​បរទេស និងដោះស្រាយ បញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍​ច្បាប់ ដែលជាចំណាត់ការប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner