មន្រ្តីសុខាភិបាលខេត្តសៀមរាប រំលឹកឱ្យប្រុងប្រយ័ត្នជំងឺគ្រុនឈាម
សៀមរាប៖នៅខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្តបានប្រកាសថា ជំងឺគ្រុនឈាមកំពុងរីករាលដាលយ៉ាងគួរឱ្យបារម្ភ ខណៈត្រឹមសប្ដាហ៍ទី២២ នៃឆ្នាំ២០២៥នេះ មានករណីឆ្លងជំងឺគ្រុនឈាមសរុបចំនួន ១.០៥០ ករណី ។ចំនួននេះបង្ហាញថា គួរឱ្យបារម្ភ។
លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថាក្នុងសប្ដាហ៍នេះភាគច្រើននៃអ្នកឆ្លងជំងឺគ្រុនឈាម គឺជាកុមារ ខណៈដែលមនុស្សចាស់មានប្រហែល៥ ភាគរយ ប៉ុណ្ណោះ។អ្នកជំងឺទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនក្នុងខេត្តសៀមរាប រួមមានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យជ័យវ្ម័នទី៧, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យស្រុកនានា។អ្នកជំងឺមានមកពីខេត្តនានាដូចជា ខេត្តកំពង់ធំ, បន្ទាយមានជ័យ, បាត់ដំបង, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តសៀមរាបខ្លួនឯងផ្ទាល់។
របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានបង្ហាញថា គិតត្រឹមសប្ដាហ៍ទី២២នៃឆ្នាំ២០២៥ មានអ្នកជំងឺនិងសម្រាកព្យាបាលជំងឺចំនួន១.០៥០នាក់ ក្នុងនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ២០ នាក់,
មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៧៧០ នាក់,មន្ទីរពេទ្យកុមារអង្គរចំនួន ១៥៨ នាក់,មន្ទីរពេទ្យស្រុកអង្គរជុំចំនួន ៩៥ នាក់និងមន្ទីរពេទ្យស្រុកសូទ្រនិគមចំនួន ៧ នាក់។ករណីនេះដែរបានសម្លាប់កុមារចំនួន ២ នាក់ ដែលមកពីខេត្តបាត់ដំបង និងខេត្តកំពង់ធំ។
ករណីជំងឺគ្រុនឈាមបានកើនឡើងចាប់តាំងពីសប្ដាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៥ ។បើតាមលោកវេជ្ជបណ្ឌិត សូរ សុទ្ធី អះអាងថា ករណីដែលកំពុងមានបច្ចុប្បន្ន គឺកើនខ្ពស់ជាងឆ្នាំ២០២៣ និង២០២៤ ប៉ុន្តែមិនទាន់ដល់ស្ថានភាពអាសន្ននៅឡើយទេ។
ជាមួយនឹងការព្រួយបារម្ភ និងការបង្ការទប់ស្កាត់ការឆ្លងនៃជំងឺដែលបណ្ដាលឱ្យបាត់បង់ជីវិតបាននេះ ក្រុមគ្រូពេទ្យបានបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធីបង្ការនានាមកពីមូសខ្លាញីខាំ។ ក្នុងរយៈពេល៥ខែកន្លងមក ក្រុមការងារបានចុះផ្សព្វផ្សាយនៅភូមិ សាលារៀនជាច្រើន និងបាញ់ថ្នាំកំចាត់មូសតាមតំបន់ដែលមានករណីជំងឺច្រើន ព្រមទាំងមានផែនការដាក់ថ្នាំអាប៉ែតប្រមាណ១៥តោន ។
មន្ទីរសុខាភិបាលក៏បានណែនាំប្រជាពលរដ្ឋឱ្យខិតខំសម្អាតជុំវិញផ្ទះ បំបាត់ជម្រកមូស ដូចជា សំបកកង់, សំបកដូង, ថ្លុក, កំប៉ុង និងពាងទឹកត្រូវមានគម្រប ឬដាក់ថ្នាំអាប៉ែត ឬចិញ្ចឹមត្រី ៧ ពណ៌៕
ដោយ៖ប៊ុន រដ្ឋា