មន្ត្រីបច្ចេកទេស ទាំងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីនៅក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់
(ភ្នំពេញ)៖ ថែ្លងក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលមន្ត្រី បច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិនីសកម្ពុជា បានបញ្ជាក់ថា មន្ត្រីបច្ចេកទេស ទាំងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីនៅក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់។

ឯកឧត្តម រំលេចទៀតថា សហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិនេះឡើង ស្របទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការសម្រេចចិត្តកាត់សេចក្តីលើទីលានប្រកួត។

ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថា មានសារៈសំខាន់ ដែលជាការដុសខាត់ ដើម្បីអភិវឌ្ឍបន្ថែមនូវចំណេះដឹងជាមួយនឹងមេរៀនថ្មីៗល្អៗ ដែលគ្រូឧទ្ទេសបានធ្វើការបង្ហាត់បង្ហាញ។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា សហព័ន្ធតែងតែទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយទាំងអស់នេះ គឺជាការចូលរួមរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និង អត្តពលិកផ្ទាល់ខ្លួនដែលបានខិតខំ តាមរយៈការអនុវត្តខ្ជាប់ខ្ជួននូវផែនការសកម្មភាព និងកាលវិភាគ ការហ្វឹកហាត់ប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលបានថវិកាផ្តល់ជូនដោយក្រសួង អប់រំ យុវជន និងកីឡា។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជានិច្ចកាលតែងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានយ៉ាងល្អ រួមទាំងកិច្ចសហការជាមួយសហព័ន្ធកីឡាសូហ្វតិន្នីសអាស៊ី (ASTF) និងសហព័ន្ធកីឡារបស់ប្រទេសកូរ៉េ (KSTA) ផងដែរ។

ឯកឧត្តម សរ សិទ្ធិ បានបន្ថែមអនុសាសន៍ណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយភាពជោគជ័យនាពេលនេះសូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវមានសុភវិនិច្ឆ័យប្រកប ដោយតម្លាភាពចំពោះតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកកាត់សេចក្តី។
បើតាមរបាយការណ៍របស់ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតគោលកាណ៍ពីឯកឧត្តមប្រធានសហព័ន្ធ និងយោងតាមផែនការការកសាងធនធានមនុស្សរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងទទួលបានថវិកាគំាទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយសហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលនេះ០៥ថ្ងៃ ពីថ្ងៃទី០២-០៦ ខែមិថុនា ឆ្នាំ២០២៥ នៅសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ
